លោក Sergey Lavrov វាយប្រហារលោកខាងលិច ជាអាណាចក្រកុហក

UN៖ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ បាន​គ្រប​ដណ្ដប់​ដោយ​ការ​ពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទីក្រុងមូស្គូបាន​វាយ​ប្រហារ​បក​ទៅ​វិញ​កាល​ពី​ថ្ងៃសៅរ៍ (២៣ កញ្ញា) ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាន​ថ្លែង​ទៅកា​ន់​គណៈ​ប្រតិភូ​ជាលើកដំបូងនៅក្នុងសុន្ទរកថាទៅកាន់សាលមហាសន្និបាត ដោយរៀបរាប់សង្ខេប និង​ពោរ​ពេញទៅដោយការរើសអើងប្រឆាំងនឹងលោកខាងលិច ដោយលោកបានពិពណ៌នាថាជា «អាណាចក្រនៃការកុហក»។

លោក Lavrov បានព្រមានកាលពីថ្ងៃសៅរ៍ថា លោកបាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក និងចក្រភពអង់គ្លេស និងអ្នកផ្សេងទៀតថា «កំពុង​ធ្វើស​ង្រ្គាម​ដោយ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​» ខណៈដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ហើយ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​បន្ត​ផ្តល់​ជំនួយ​ផ្នែក​យោធាដល់ទីក្រុងគីវ ​។

លោក Lavrov បានច្រានចោលក្របខ័ណ្ឌសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាជារឿង «មិនអាចទៅរួច»។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ក៏​បាន​បិទឱកាសនៃលទ្ធភាព ដែលរុស្ស៊ីវិល​ត្រឡប់​ទៅ​រក​កិច្ច​ព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​វិញ​ផង​ដែរ ដោយនិយាយថា វិមានក្រឹមឡាំងមានអារម្មណ៍ថាខ្លួនត្រូវបានគេបញ្ឆោតប៉ុណ្ណោះ៕