បន្ទាប់ពីប៉ុនប៉ងវិលត្រឡប់ទៅកាន់រុស្ស៊ីវិញ អតីតមេបញ្ជាការក្រុមទាហាន Wagner ត្រូវបានចាប់ខ្លួន
ន័រវេស៖ ចាប់ខ្លួនអតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដោយ នគរបាលន័រវេស បន្ទាប់ពីសង្ស័យថាបុរសរូបនោះ បានព្យាយាមឆ្លងដែនខុសច្បាប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីស្វែងរកសិទ្ធិជ្រកកោន នៅប្រទេសន័រវេសកាលពីដើមឆ្នាំនេះ នេះបើយោងតាមមេធាវីរបស់ជនសង្ស័យបាននិយាយកាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្ងងទៅនេះ។
លោក Andrei Medvedev ដែលបានរត់គេចពីប្រទេសរុស្ស៊ី កាលពីខែមករា តាមព្រំដែនអាកទិកជាមួយន័រវេស បានពិពណ៌នាថាខ្លួនកំពុងរត់គេច ខណៈដែលឆ្មាំរុស្ស៊ីបានបាញ់ប្រហារមកលើខ្លួន។ លោកបាននិយាយអំពីការប្រយុទ្ធរបស់លោកនៅអ៊ុយក្រែន ដែលជាផ្នែកមួយនៃក្រុមទាហានស៊ីឈ្នួល Wagner ផងដែរ។
លោក Medvedev នៅពេលទៅដល់ប្រទេសន័រវេស បាននិយាយថា ខ្លួនកំពុងស្វែងរកសិទ្ធិជ្រកកោន ដោយសារតែលោកភ័យខ្លាចចំពោះគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន បន្ទាប់ពីបានឃើញការសម្លាប់ និងធ្វើបាបអ្នកទោសរុស្ស៊ី ដែលនាំទៅដល់ជួរមុខក្នុង ប្រទេសអ៊ុយក្រែន។
លោក Medvedev បានរត់គេចខ្លួន កាលពីខែមករា បានធ្វើឱ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកថា ជាឧទាហរណ៍ដ៏កម្រមួយនៅពេលមានមនុស្សម្នាក់រត់ចោលស្រុកទៅប្រទេសលោកខាងលិច ខណៈពេលដែលអះអាងថា បានប្រយុទ្ធឱ្យរុស្ស៊ីក្នុងនាមជាទាហានស៊ីឈ្នួលក្នុងសង្គ្រាមអ៊ុយក្រែន៕