អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ទុក្ខលំបាកពលរដ្ឋ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ត្រូវដោះស្រាយ

កំពង់ស្ពឺ៖ អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បាន​ថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាត់​ទុក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវដោះស្រាយ ហើយសេចក្ដីសុខរបស់ពលរដ្ឋ គឺជា​ជោគជ័យ និងជាការរំពឹងទុក ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារីជូនលោកតា លោក​យាយ ចំនួនជាង១០០០នាក់ នៅបរិវេណវត្តខ្សាច់ពូន ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​ នីតិកាលទី៧ មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្ត និង​មាន​​ឆន្ទៈដ៏មោះមុត ក្នុងការបន្តដឹកនាំ កសាងសង្គមសេដ្ឋកិច្ចកម្ពុជា ឲ្យ​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន ស្របតាមគោលដៅជាយុទ្ធសាស្ត្របានកំណត់ និង​មាន​សុទិដ្ឋិនិយម ដោយសម្លឹងឆ្ពោះទៅសម្រេចឲ្យបាន នូវចក្ខុវិស័យកម្ពុជា២០៥០ តាមរយៈ​ការ​លើក​ស្ទួយ និងការកសាងជាតិឲ្យមានភាពរឹងមាំ រុងរឿង និងវិបុលភាពសង្គម ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាលដឹកនាំតាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចធិបតី នៅ​តែ​បន្តផ្ដល់អទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយទុក្ខ​លំបាក​របស់​ពលរដ្ឋ​ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយ និងសេចក្ដីសុខរបស់ពលរដ្ឋ គឺ​ជា​ជោគជ័យ ជាការរំពឹងទុក និងការខិតខំរបស់គណបក្សប្រជាជន ដោយ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​ ថ្នាក់ដឹកនាំ និងក្រុមការងារ មិនទៅណាចោលពលរដ្ឋនោះទេ ។

ឯកឧត្តម បានគូសបញ្ជាក់ថា ជាក់ស្ដែងការជួបជុំធ្វើពិធីបុណ្យនេះ បង្ហាញ​ឲ្យ​ឃើញ​ថា ​មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរ និង​នៅ​គៀក​ជិត​ជាមួយ​ប្រជា​ពលរដ្ឋ​គ្រប់​ពេល​វេលា ព្រមទាំងបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ព្រះពុទ្ធសាសនា ហើយក៏សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំ របស់សម្ដេចធិបតី ដែលជា​នាយករដ្ឋ​មន្ត្រី​បន្ត​វេនា​។

ពេលចូលរួមក្នុងពិធីបុណ្យនេះ ប្រជាពលរដ្ឋបានបង្ហាញនូវការជឿជាក់ ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ហើយរំពឹងថាសម្ដេច នឹងបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត រួម​ទាំង​ស្រឡាញ់​ប្រជាពលរដ្ឋ ដូចសម្ដេចតេជោ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ក្នុង​ការអនុវត្ត ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕