ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្តេជ្ញាកម្ចាត់គ្រឿងញៀនឲ្យអស់ចេញពីកងយោធពលខេមរភូមិន្ទ
ប៉ៃលិន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានដាស់ តឿន និងរំលឹកដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយ ហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។
ការព្រមាន និងដាស់តៀនរបស់ប្រមុខការពារជាតិរូបនេះ គឺបានធ្វើឡើង ខណៈបន្តចុះសួរសុខទុក្ខ និងសំណេះសំណាលដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅយោធភូមិភាគ ទី៥ និងចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កងទ័ពក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ មិនត្រូវសេព និងពាក់ព័ន្ធនឹងករណីគ្រឿងញៀននោះទេ ពោលគឺ«ទាហានម្នាក់ត្រូវតែគ្មានគ្រឿងញៀនទាល់តែសោះ» ដូច្នេះមេបញ្ជាការក្នុងអង្គភាពនីមួយៗត្រូវតែពិនិត្យតាមដានឲ្យបានច្បាស់លាស់ និងដិតដល់បំផុតចំពោះករណីនេះ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ឲ្យអស់ចំពោះគ្រឿងញៀនចេញពីវិស័យកងទ័ព។
នៅក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហានពលទាហាននៃ យោធភូមិភាគទី៥នេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានដាក់បទបញ្ជាដល់មេបញ្ជា ការកងពលទាំងអស់មុននឹងជ្រើសរើសទាហានបន្តវេននៅក្នុងអង្គភាពរបស់ខ្លួន ត្រូវពិនិត្យ និងធ្វើតេស្តគ្រឿងញៀនឲ្យបានម៉ត់ចត់ ដោយមុនធ្វើការប្រឡងត្រូវធ្វើតេស្តគ្រឿងញៀនជាមុន ហើយមុននឹងជាប់ក្របខណ្ឌត្រូវធ្វើតេស្តយ៉ាងតិចចំនួន៤ដងផងដែរ៕