លោក Assad ទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមពិធីបើកព្រឹត្តិ ការណ៍ Asian Games
ចិន៖ លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានធ្វើដំណើរទៅដល់ភាគខាងកើតទីក្រុង Hangzhou របស់ប្រទេសចិនហើយ ដោយរូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានបង្ហាញឲ្យឃើញពីការស្វាគមន៍ នៅពេលដែលលោកធ្វើដំណើរចុះពីយន្តហោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា នេះ។
លោក Assad គ្រោងនឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Asian Games រួមជាមួយបណ្ដាឥស្សរជនបរទេសជាច្រើននាក់។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រជាជាតិអាស៊ី ចាប់តាំងពីឆ្នាំ២០០៤ ខណៈដែលលោក Assad ប្រឹងប្រែងយ៉ាងខ្លាំងបន្ថែមទៀត ដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតជាងមួយទសវត្សរ៍ ចំពេលមានទណ្ឌកម្មពីសំណាក់លោកខាងលិច។
យន្តហោះ Air China របស់លោកបានចុះចត ចំពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» នៅក្នុងសញ្ញានៃការពិត ដែលថា មេដឹកនាំស៊ីរីរូបនេះកម្រត្រូវបានគេឃើញវត្តមានរបស់លោកនៅក្រៅប្រទេស ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមស៊ីវិល ដែលបានឆក់យកជីវិតមនុស្សជាងកន្លះលាននាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) ការិយាល័យប្រធានាធិបតីរបស់លោក Assad បានឲ្យដឹងថា លោកនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សម្រាប់កិច្ចប្រជុំជាបន្តបន្ទាប់ នៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន ក្នុងនោះរួមទាំងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិនលោក Xi Jinping ផងដែរ៕