សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំរបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ស្នើ ៥ ចំណុច
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅក្នុងពិធីបើកកិច្ចប្រជុំថា្នក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រៅពីការថ្លែងអំណរគុណចំ ពោះភាគីពាក់ព័ន្ធ និងនាំមកនូវព្រះរាជទាន សេចក្ដីនឹករលឹក និងព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរជ័យ អំពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត មកជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងថា កិច្ចប្រជុំ២ថ្ងៃនេះ នឹងផ្តល់ឱកាសសម្រាប់ការ ចែករំលែកព័ត៌មាន បទពិសោធន៍ ជាមួយនឹងដំណោះស្រាយនានា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចស ហប្រតិបត្តិការ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឱ្យកាន់តែសកម្ម ជាមួយនឹងការបង្កើនប្រសិទ្ធភាពការងាររួមឆ្លើយតបបានទាន់ពេលវេលា ទៅនឹងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និង ជនរងគ្រោះដោយប្រការផ្សេងៗ ក៏ដូចជាការចូលរួមចំណែកលើកស្ទួយជីវភាព និងសុខុមាលភាពប្រ ជាជននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ឱ្យបានកាន់តែប្រសើរឡើង។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមថា ក្នុងនាមជាសមាសភាគមួយរបស់ចលនាអន្តរជាតិ, សមាគមជាតិកា កបាទក្រហមកម្ពុជា ក៏ដូចជាសមាគមជាតិ ជាបងប្អូននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បាននិងកំពុងផ្តល់យ៉ាងសកម្មនូវសេវាកម្មមនុស្សធម៌ ជួយដល់អ្នកងាយរងគ្រោះ និងអ្នករងគ្រោះនៅក្នុងសហគមន៍របស់ប្រទេសរៀងៗខ្លួន និងទៅតាមកិច្ចសហប្រតិបត្តិការក្នុងភូមិភាគ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអ ឌ្ឍចន្ទក្រហម ដែលជាមគ្គុទ្ទេសក៍តម្រង់ទិសសម្រាប់ការងារមនុស្សធម៌រួមនៅក្នុងតំបន់ ប្រកបដោយចីរភាព។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើដល់កិច្ចប្រជុំពិនិត្យបញ្ហាប្រឈមកន្លងទៅ និងក្នុងពេលថ្មីៗនេះ ដើម្បីស្វែងរកការគាំទ្រ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈគោលនយោបាយឆ្ពោះទៅមុខដែលមានដូចជា៖
ទី១-បន្តកសាងសមត្ថភាពដល់ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសភាពការណ៍ក្នុងវិស័យមនុស្សធម៌ ត្រូវបង្កើតបណ្តាញក្រុមអ្នកជំនាញ និងប្រតិបត្តិករផ្ទាល់លើការ ងារស្វែងរកដំណោះស្រាយថ្មីនៃការងារមនុស្សធម៌ ដើម្បីអាចចែករំលែកបទពិសោធន៍ និងការប្រជុំពិ ភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួម។
ទី២-បន្តពង្រឹងការចូលរួម ពីដៃគូពាក់ព័ន្ធនានា ដោយបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីកៀរគរធនធានផ្តល់អំណោយមនុស្សធម៌ និងការអប់រំផ្សព្វផ្សាយសុខភាពសាធារណៈ។
ទី៣-បន្តកសាងសមត្ថភាពយុវជន ការអភិវឌ្ឍជំនាញ និងការកសាងបណ្តាញការងារ ដើម្បីលើកកម្ព ស់និរន្តរភាពកម្លាំងមនុស្សធម៌វ័យក្មេង សម្រាប់បន្តវេនជួយសហគមន៍ឱ្យឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា។
ទី៤-រួមគ្នាបង្កើតយន្តការដោះស្រាយរួមសម្រាប់អនុវត្ត ឈានទៅសម្រេចបានយុទ្ធសាស្ត្រ ២០៣០ របស់សហព័ន្ធ និងយុទ្ធសាស្ត្ររបស់សមាគមជាតិនីមួយៗ។
ទី៥-បន្តរួមគ្នាបង្កើតសង្គមមួយ ដែលមានខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានបៃតង តាមរយៈយុទ្ធនាការ ដាំដើមឈើជាដើម៕