ប៉ូឡូញ៖ គំរាមអ៊ុយក្រែន ឈប់គាំទ្រក្នុងសង្គ្រាមជាមួយ រុស្ស៊ី
ប៉ូឡូញ៖ លោករដ្ឋមន្ត្រីក្រសួងកិច្ចការសហភាពអឺរ៉ុបរបស់ប្រទេសប៉ូឡូញ Szymon Szynkowski vel Sek បាននិយាយកាលពីថ្ងៃពុធទី២០ ខែកញ្ញាថា រដ្ឋាភិបាលទីក្រុងវ៉ាសូវី អាចនឹងកាត់ផ្តាច់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈជម្លោះអំពីគ្រាប់ធញ្ញជាតិ កាន់តែឡើងកម្តៅរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរ។
នៅពេលស្នើឲ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ទីក្រុង វ៉ាសូវី ក្នុងការពង្រីកបម្រាមលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន ថ្វីបើ EU ដកការរឹតត្បិតហើយក៏ដោយនោះ រដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន PAP ថា ប្រទេសប៉ូឡូញ នឹងមិនអត់ធ្មត់ឡើយ លើបញ្ហានេះ។
លោក Szynkowski vel Sek បន្តថា ការវាយបករបស់ទីក្រុងកៀវ ជុំវិញជម្លោះគ្រាប់ធញ្ញជាតិនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ៊ុយក្រែនខ្លួនឯងទៅវិញទេ ព្រោះវានាំឲ្យសាធារណជនប៉ូឡូញមានអារម្មណ៍ឈឺចាប់ និងប៉ះពាល់ដល់ការគាំទ្រ លើការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចជាបន្ត។
បើចង់ឲ្យទីក្រុងវ៉ាសូវី បន្តគាំទ្រអ៊ុយក្រែននោះ គួរតែមានការគាំទ្រពីសាធារណជនដែរ។ ប្រសិនបើគ្មានការគាំទ្រពីប្រជាជនប៉ូឡូញ ចំពោះសកម្មភាពបែបនេះទេនោះ វាពិតជាពិបាកណាស់សម្រាប់ពួកយើង ក្នុងការបន្តគាំទ្រអ៊ុយក្រែនដូចកាលមុន បើតាមលោករដ្ឋមន្ត្រីបន្ថែម។
គួរបញ្ជាក់ ជម្លោះទាក់ទងនឹងកសិផល បានកើតឡើងតាំងពីខែឧសភាមកម្ល៉េះ នៅពេលគណៈកម្មការអឺរ៉ុប ដាក់កំហិតលើការនាំចូលផលិតផលកសិកម្មអ៊ុយក្រែនមួយចំនួន ដើម្បីការពារអ្នកផលិតក្នុងស្រុក ចំពេលតម្លៃធ្លាក់ចុះ។
កាលពីដើមខែនេះ ទីក្រុងព្រុចសែល បានដកបម្រាមនេះចេញវិញ បន្ទាប់ពីទីក្រុងកៀវ សន្យាថា នឹងព្យាយាមរឹតបន្តឹងគ្រប់គ្រងលើការនាំចេញកសិផលរបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងរូម៉ានី បដិសេធធ្វើតាមការដឹកនាំរបស់ EU។
ជាការឆ្លើយតប ទីក្រុងកៀវ បានដាក់ពាក្យប្តឹងប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នៅអង្គការពាណិជ្ជកម្មពិភពលោក ដោយលោក Taras Kachka តំណាងពាណិជ្ជកម្មរបស់ប្រទេសអ៊ុយក្រែនបានហៅសកម្មភាពរបស់ពួកគេថា ខុសផ្លូវច្បាប់។ លោក Kachka ក៏សន្យាដែរថា អ៊ុយក្រែននឹងដាក់ទណ្ឌកម្មលើខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្តោប និងផ្លែប៉ោមរបស់ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕