លោក ពូទីន សម្រាប់២០២៣ ដំណើរទស្សនកិច្ចនៅចិន នឹងក្លាយជា ចេញក្រៅប្រទេសលើកដំបូង
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង សម្រាប់ឆ្នាំ២០២៣ខណៈមុននេះ លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកពូទីន នឹងជួបសមភាគីចិនលោក ស៊ី ជីនពីង។
កាលពីថ្ងៃពុធទី២០ ខែកញ្ញា ថ្លែងក្នុងកិច្ចប្រជុំជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ពូទីន បានសរសើរជំនួបចុងក្រោយរបស់គាត់ជាមួយលោក ស៊ី នៅក្នុងខែមីនាថា ជោគជ័យខ្លាំងនិងអស្ចារ្យ ហើយបានផ្តល់សញ្ញាវិជ្ជមានខ្លាំងបំផុត ដល់ទំនាក់ទំនងទ្វេភាគី។
លោក ពូទីន និយាយថា លោករីករាយទទួលយកការអញ្ជើញពីលោក ស៊ី សម្រាប់ទៅបំពេញទស្សនកិច្ចប្រទេសចិននាខែតុលាខាងមុខ ដែលជាផ្នែកមួយនៃទិសដៅរបស់មេដឹកនាំចិន ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោក ពូទីនថា ចក្ខុវិស័យរបស់លោក ស៊ី គឺស្របតាមផលប្រយោជន៍របស់ប្រទេសទាំងពីរ ដោយវារួមបញ្ចូលគំនិតអំពីការបង្កើតទំហំអឺរ៉ាស៊ី ឲ្យកាន់តែធំឡើងៗ។
កាលពីដើមខែនេះ ប្រទេសចិននិយាយថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីតំណាងមកពីប្រទេសចំនួន៩០ រួមទាំងប្រធានាធិបតីស៊ែប៊ី Aleksandar Vucic និងប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez ផងដែរ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ត្រូវបានបំផុសឡើងដំបូងដោយលោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៣ ជាមួយនឹងគោលដៅជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅអាស៊ីកណ្តាល មជ្ឈិមបូព៌ា អាហ្វ្រិក អឺរ៉ុប និងកន្លែងផ្សេងទៀត។ ប្រទេសនិងអង្គការជាង ១៥០ បានចូលរួមក្នុងគម្រោងនេះ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកពូទីនទៅកាន់ប្រទេសចិន គឺនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ពោលគឺមិនយូរប៉ុន្មានមុនពេលជម្លោះអ៊ុយក្រែនចាប់ផ្តើម៕ ប្រភព៖ RT