អាស៊ែរបៃហ្សង់៖ ក្រសួងការពារជាតិ បញ្ជាក់ពីបទឈប់បាញ់ នៅតំបន់ការ៉ាបាក់

អាស៊ែរបៃហ្សង់ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការពារជាតិរបស់អាស៊ែរបៃហ្សង់ បានបញ្ជាក់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយកងកម្លាំងភាគតិចជនជាតិអាមេនី នៅតំបន់ភ្នំណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់រស់នៅរបស់ជនជាតិអាមេនី។

ក្រសួងបានឲ្យដឹងថា កងកម្លាំងអាមេនី នៅតំបន់ការ៉ាបាក់ បានយល់ព្រម «ដាក់អាវុធរបស់ពួកគេចុះ» បោះបង់ចោលទីតាំងប្រយុទ្ធ និងប៉ុស្តិ៍យោធា ហើយនិងរំសាយអាវុធទាំងស្រុង ខណៈអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ទាំងអស់កំពុងត្រូវបានប្រគល់ទៅឲ្យកងទ័ពរបស់អាស៊ែរបៃហ្សង់។

កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាកន្លងទៅ ប្រទេសអាស៊ែរបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងតំបន់នេះ ដោយនិយាយថា  ខ្លួនត្រូវការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ   និងបណ្តេញអង្គភាពយោធាអាមេនីចេញពីទឹកដីរបស់ខ្លួន។ ប្រទេសអាមេនី បានបដិសេធថា មិនមានកម្លាំងរបស់ខ្លួនក្នុងតំបន់នេះនោះទេ។

អន្តរជាតិបានទទួលស្គាល់តំបន់ការ៉ាបាក់ថា ជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកខ្លះនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជនជាតិអាមេនី ដែលបំបែកខ្លួន ដោយពួកគេនិយាយថា តំបន់នេះជាស្រុកកំណើតដូនតារបស់ពួកគេ។ តំបន់នេះស្ថិតនៅចំកណ្តាលនៃការមានសង្រ្គាម ២ដង ដែលចុងក្រោយបំផុត កើតឡើងក្នុងឆ្នាំ២០២០ គិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១៕