នៅតំបន់ West bankកងកម្លាំងអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៣នាក់
បរទេស៖ នៅតំបន់West Bank កងកម្លាំងអ៊ីស្រាអែល អនុវត្តប្រតិបត្តិការបោសសម្អាត កាលពីថ្ងៃអង្គារ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ពលរដ្ឋប៉ាឡេស្ទីន ៣នាក់ បានស្លាប់ និងប្រមាណ៣០នាក់បានរងរបួស។
កងកម្លាំងអ៊ីស្រអែល បានអនុវត្តនូវអ្វីដែលពួកគេនិយាយថាគឺជាប្រតិបត្តិការប្រឆាំងភេរវកម្ម នៅជំរំជនភៀសខ្លួន នៅក្នុងទីក្រុង Jennin។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និយាយថាកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានប៉ះទង្គិចជាមួយ ខ្មាន់កាំភ្លើងនៅក្នុងជំរំ និងបើកការវាយប្រហារដោយប្រើប្រាស់យានដ្រូន។ វីដេអូបានមកពីកន្លែងកើតហេតុ បានបង្ហាញផ្សែងខ្មៅដែលទំនងជាកើតឡើងដោយការវាយប្រហារ ហើយអ្នករងរបួសត្រូវបានបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ។
ការវាយឆ្មក់នេះគឺជាការវាយប្រហារចុងក្រោយនៃការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះជាបន្តបន្ទាប់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank។ កាលពីខែកក្កដា ពលរដ្ឋប៉ាឡេស្ទីន ១២នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។