បន្ទាប់ពីមានជម្លោះ ឥណ្ឌាព្រមានពីការធ្វើដំណើរទៅកាណាដា

ឥណ្ឌា៖ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅលេងផ្នែកខ្លះនៃប្រទេសកាណាដា ដែលជាការរារាំងថ្មីចុងក្រោយ នៅក្នុងជម្លោះការទូត ដោយសារមានការចោទប្រកាន់លើទីក្រុងញូវដេលី ពាក់ព័ន្ធនឹងការសម្លាប់អ្នកបំបែកខ្លួនរបស់សាសនា Sikh នៅជិតទីក្រុង Vancouver។

លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានទាមទារឲ្យប្រទេសឥណ្ឌា អនុវត្តចំពោះការលាតត្រដាងនូវការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនេះយ៉ាងម៉ឺងម៉ាត់បំផុត ជុំវិញការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មនេះ។ លទ្ធផលនេះបានជំរុញឲ្យមានការបណ្ដេញអ្នកការទូតទៅវិញទៅមកដូចគ្នា និងការបដិសេធយ៉ាងដាច់អហង្ការពីប្រទេសឥណ្ឌា ដែលបាននិយាយថា ការលើកឡើងណាមួយ ដែលថា ខ្លួនមានចំណែករួមក្នុងការសម្លាប់ លោក Hardeep Singh Nijjar កាលពីខែមិថុនា គឺជា «មិនសមហេតុផល»ទាល់តែសោះ។

ក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា ដោយមិននិយាយឲ្យបានច្បាស់លាស់ដល់ជម្លោះនេះ បានប្រាប់ថា ខ្លួនមានក្ដីបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ដោយសារតែ «អំពើឧក្រិដ្ឋកម្មដ៏គួរស្អប់ខ្ពើម ដែលមានលក្ខណៈនយោបាយ និងអំពើហិង្សាដ៏ធ្ងន់ធ្ងរ។

ទំនាក់ទំនងរវាងកាណាដា និងឥណ្ឌា ចាប់ផ្ដើមតានតឹងម្ដងបន្តិចៗ នៅប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីមានការធ្វើឃាតលើមេដឹកនាំសាសនា Sikh និងបាតុកម្មដែលបានកើតឡើងនៅប្រទេសកាណាដា។

សូមរំលឹកថា លោក Nijjar ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងពាក់ម៉ាស់ ២នាក់ នៅខាងក្រៅវិហារសាសនា Sikh ដែលនៅទីនោះ លោកបានធ្វើជាអធិបតីក្នុងក្រុង Surrey ជាយក្រុង Vancouver៕