National

ត្រឡប់ពីចូលរួមកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងគណៈប្រតិភូ

 

ភ្នំពេញ÷ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីមោទនពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បន្ទាប់ពីការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ, នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ គង់ ពុទិ្ធកា បានជម្រាបជូនពីលទ្ធផលកិច្ចប្រជុំ និងការបំពេញទស្សនកិច្ចរបស់ក្រុមការងារលើកទី៤៥នេះ ក្នុងសន្និសីទសារព័ត៌មានថា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ កម្ពុជា ក្នុងនាមជារដ្ឋភាគីបានទទួលលទ្ធផលធំៗចំនួន២ គឺ៖

-ការពិនិត្យអនុម័តលើរបាយការណ៍សមិទ្ធផល នៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូរព្រៃគុក។

-ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ចំពោះការស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទៅលើលក្ខណៈវិនិច្ឆ័យចំនួន២ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួន១០ ដែលបានកំណត់ដោយគណៈកម្មការបេតិកភណ្ឌពិភពលោក។ ហើយលក្ខណៈវិនិច្ឆ័យចំនួន២នោះគឺ៖

ទី១-យើងបានស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ដោយសារសិល្បៈក្នុងសម័យកោះកេរនេះ ជាសិល្បៈមានលក្ខណៈលេចធ្លោ រូបចម្លាក់ធំៗល្អឯកដាច់គេ បានបង្ហាញអំពីការប្រសព្វគ្នារវាងឥទ្ធិពលនៃសិល្បៈរបស់ឥណ្ឌា និងការច្នៃប្រឌិតរបស់ដូនតាយើង ក្នុងការកែច្នៃសិល្បៈរបស់ឥណ្ឌានេះ មកជាសិល្បៈរបស់កម្ពុជា។

ទី២-កម្ពុជា បានបង្ហាញថា រមណីយដ្ឋានប្រាសាទកោះកេរ គឺជាគំរូដើមនៃការរៀបចំទីក្រុងបុរាណ ដោយយកលំនាំតាមគម្ពីរបស់ឥណ្ឌា ហើយយើងបានយកមកសាងសង់លើដីជាក់ស្តែងប្រើប្រាស់ក្បួនគម្ពីច្បាស់លាស់ និងបានបង្ហាញលក្ខណៈពិសេសនេះក្នុងប្រាសាទកោះកេរ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៤៥ នាទីក្រុងរីយ៉ាដនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត កំពុងតែរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជី«ក្រមា» ទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ នេះជាការរំពឹងរបស់យើង ដែលត្រូវខិតខំប្រឹងប្រែងបន្តទៀត តមកលោកជំទាវ រដ្ឋមន្រី្ត ក៏បានស្នើសុំចុះបញ្ជីមនី្ទរស-២១(សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង) ទៅក្នុងបេតិកភណ្ឌនៃការចងចាំពិភពលោក ដើម្បីឲ្យពិភពលោកចងចាំថា អ្វីដែលបានកើតឡើងមកលើកម្ពុជា គឺជាមេរៀនមួយដែលមិនត្រូវកើតឡើង នៅកន្លែងផ្សេងទៀត ក្នុងពិភពលោក។ ក្រៅពីនោះក៏មានប្រាង្គប្រាសាទផ្សេងទៀត ដែលមន្រី្តជំនាញកំពុងសិក្សាស្រាវជ្រាវ និងស្នើសុំចុះបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោកផងដែរ៕