ឥណ្ឌា៖ បញ្ជាឲ្យអ្នកការទូតកាណាដាចាកចេញ ខណៈជម្លោះនៃការធ្វើឃាតសកម្មជនក្រុមសាសនា Sikh
ឥណ្ឌា៖ ទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះ ក្រោយការចោទប្រកាន់របស់ប្រទេសកាណាដា ដែលថាប្រទេសឥណ្ឌាអាចមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតសកម្មជនរបស់ក្រុមសាសនា Sikh នៅលើទឹកដីរបស់ខ្លួន បានបង្កឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ដោយទីក្រុង Ottawa និង New Delhi សុទ្ធតែបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ដូចគ្នា។
ការបណ្តេញចេញអ្នកការទូតទៅវិញទៅមកនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយថា កាណាដាកំពុងស៊ើបអង្កេត «ការចោទប្រកាន់ដ៏គួរឲ្យទុកចិត្តបាន» ដែលភ្ជាប់ឥណ្ឌាទៅនឹងការសម្លាប់កាលពីខែមិថុនា លើពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោគឺលោក Hardeep Singh Nijjar។
ដោយនិយាយបន្ថែមពីការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឃុំខ្លួនជនល្មើសនៃឃាតកម្មនេះ លោក Trudeau បានលើកឡើងនៅក្នុងសភា កាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញា ថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ភ្នាក់ងារសន្តិសុខកាណាដាបាន និងកំពុងបន្តតាមដានយ៉ាងសកម្មលើការចោទប្រកាន់ ដែលអាចជឿទុកចិត្តបាននៃការការជាប់ពាក់ព័ន្ធគ្នាដែលអាចទៅរួច រវាងភ្នាក់ងាររបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា និងការសម្លាប់ពលរដ្ឋកាណាដា លោក Hardeep Singh Nijjar» ។
ប្រទេសកាណាដាបាននិយាយថា ខ្លួនបានបញ្ជាឲ្យអ្នកការទូតឥណ្ឌាម្នាក់ចាកចេញ ដែលរដ្ឋមន្ត្រីការបរទេសលោកស្រី Mélanie Joly ពិពណ៌នាថា ជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ឥណ្ឌា នៅក្នុងប្រទេសរបស់លោកស្រី។
ចំណែកក្រសួងការបរទេសឥណ្ឌា កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា កន្លងនេះ បានឆ្លើយតបក្នុងរបៀបដូចគ្នាដែរ ដោយនិយាយថា ខ្លួនបានបណ្តេញអ្នកការទូតជាន់ខ្ពស់កាណាដា ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។
សូមបញ្ជាក់ដែរថា លោក Nijjar គឺជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោម្នាក់ នៅភាគខាងលិចកាណាដា ហើយយោងទៅតាមនគរបាលក្នុងតំបន់ រូបលោកត្រូវបានខ្មាន់កាំភ្លើងពាក់ម៉ាស់ ២នាក់បាញ់សម្លាប់ នៅក្នុងខែមិថុនា នៅខាងក្រៅវិហាររបស់សាសនា Sikh ក្នុងទីក្រុង Surrey ខេត្ត British Columbia៕