ការដាក់ពាក្យបណ្តឹងទៅ WTO អ៊ុយក្រែនប្រឆាំងនឹងប្រទេសជិតខាងចំនួន៣ លើការហាមឃាត់ការនាំចូល
អ៊ុយក្រែន៖ ការដាក់ពាក្យបណ្តឹងពីរដ្ឋាភិបាលអ៊ុយក្រែន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ដែលបានដាក់បម្រាមជាឯកតោភាគីលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនឲ្យដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន តាមរយៈបណ្តាប្រទេសជាសមាជិក បន្ទាប់ពីការវាយប្រហារដោយរុស្ស៊ីបានរារាំងដល់ការនាំចេញពីកំពង់ផែនៅសមុទ្រខ្មៅ។ ប៉ុន្តែប្រទេសសមាជិកមួយចំនួនបានអះអាងថា ការនាំចេញដែលមានបំណងសម្ដៅទៅទ្វីបអាហ្រ្វិក និងទីកន្លែងផ្សេងទៀតបានទើរត្រឹមប្រទេសរបស់ពួកគេ ដែលនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កសិករក្នុងស្រុករបស់ខ្លួន។
ក្រោយមានការលើកឡើងនេះ សហភាពអឺរ៉ុប (EU) បានយល់ព្រមឲ្យប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងប្រទេសពីរផ្សេងទៀត ដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន ហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ក្នុងខែឧសភា។ ប៉ុន្តែសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា បានត្រឡប់ការសម្រេចនោះវិញ ដោយមិនអនុញ្ញាតឲ្យប្រទេសណាមួយបន្តការហាមឃាត់ទៀតឡើយ។
តែយ៉ាងណាក្ដី ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានច្រានចោលសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ហើយប្រទេសទាំង៣បានសម្រេចបន្តរក្សាការហាមឃាត់ការនាំចូលជាឯកតោភាគី ដើម្បីការពារផលប្រយោជន៍នៃឧស្សាហកម្មកសិកម្មក្នុងស្រុករបស់ខ្លួន។
ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ក្រសួងសេដ្ឋកិច្ចអ៊ុយក្រែនបានប្រកាសថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅ WTO ហើយ ដើម្បីតវ៉ាប្រឆាំងនឹងប្រទេសទាំង៣ ដោយលើកឡើងថា ការហាមឃាត់នេះរំលោភលើច្បាប់អន្តរជាតិ ហើយក្រសួងកំពុងជំរុញឲ្យប្រទេសទាំង៣ ប្រើការសន្ទនា ដើម្បីដោះស្រាយបញ្ហានេះ៕