អភិបាលរាជធានី៖ មន្ដ្រីបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងបំផុត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុត និងឲ្យមន្ត្រីខិតខំផ្ដល់សេវាឱ្យកាន់តែលឿន និងមានតម្លាភាព។

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យតាមដាន បារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។

ក្នុងកិច្ចប្រជុំពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម បានមានប្រសាសន៍ថា ការផ្អាកផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ ដូច្នេះទេ សម្រាប់រដ្ឋបាលរាជធានី និងខណ្ឌ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុតក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបានបន្តថា សម្រាប់ច្រកចេញចូលតែមួយ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយគុណភាព តម្លាភាព និងទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើលច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ ធ្វើយ៉ាងណាតម្រង់ទិសឱ្យមន្ត្រីអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវតែរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕