ប៉េរូ៖ ដាក់រដ្ឋក្នុងគ្រាអាសន្ន នៅផ្នែកខ្លះនៃរដ្ឋធានី បន្ទាប់ពីឧក្រិដ្ឋកម្មកើនឡើង
ប៉េរូ៖ លោកស្រីប្រធានាធិបតីប៉េរូ Dina Boluarte បាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញាកន្លងទៅថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងស្រុកចំនួនបី ដែលរងគ្រោះដោយការរីករាលដាលនៃឧក្រិដ្ឋកម្ម ដោយជាវិធានការដែលអនុញ្ញាតឲ្យយោធាជួយពង្រឹងសន្តិសុខក្នុងប្រទេស។
លោកស្រី Boluarte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងស្រុក San Juan de Lurigancho (សាន វ៉ាន់ ដេ លូរីហ្កានឆូ) និងស្រុក San Martin de Porras (សាន ម៉ាទីន ដេ ប៉ូរ៉ាស)ទាំងនៅក្នុងរដ្ឋធានី លីម៉ា និងនៅភាគខាងជើងនៃស្រុក តាឡារ៉ា (Talara) ដោយបន្ថែមនៅក្នុងបទសម្ភាសន៍មួយថា វិធានការនេះមានគោលបំណងបង្កើន «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង»។
នគរបាល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានរាយការណ៍ពីការវាយប្រហារនៅក្នុងទីក្រុង សាន វ៉ាន់ រួមទាំងការគប់គ្រាប់បែកដៃសង្រ្គាមចូលទៅក្នុងក្លឹបរាត្រីមួយ ដែលការវាយប្រហារដោយគ្រាប់បែកដៃមួយទៀតនៅក្បែរនោះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥នាក់រងរបួស។
របាយការណ៍ឧក្រិដ្ឋកម្មទៅកាន់នគរបាលក្នុងរដ្ឋធានី លីម៉ា បានកើនឡើងដល់ជិត១៦០.២០០ករណីកាលពីឆ្នាំមុន ធៀបនឹងចំនួន១២០.៣៥០ករណីក្នុងឆ្នាំ២០២១ នេះបើយោងតាមការិយាល័យទទួលបណ្ដឹងពលរដ្ឋ របស់ប្រទេសប៉េរូ៕