អា​មេ​នីទៅ​ពឹងផ្អែក​ប្លុក​សេរី ​ជំនួសការដកខ្លួន​ពី​រុស្ស៊ី​ ​

អា​មេ​នី៖ ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​អា​មេ​នី​ដែលជា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​ជាមួយ​មហាអំណាច​រុស្ស៊ី​តាំងពី​យូរ​មកហើយ ក្រោយពីបាន​ការប្រកាស​បដិសេធ​មិន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សមយុទ្ធ​យោធា​របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO)​​ ដែលមាន​រុស្ស៊ី​ជា​បងធំ​នោះ ទំនង​ផ្តាច់ខ្លួន​ចេញពី​ការពឹង​ផ្អែកលើ​រុស្ស៊ី​សម្រាប់​ការធានា​សន្តិ​សុខ​របស់ខ្លួន ខណៈដែល​ប្រទេស​នេះ​មាន​ជម្លោះ​បង្ហូរឈាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​អា​ស៊ែ​បៃ​ហ្ស​ង់​។

​ការ​ជូនដំណឹងរបស់​ប្រទេស​អា​មេ​នី​ដល់ទី​ក្រុង​ម៉ូស្គូ​ អំពី​ផែនការ​របស់ខ្លួន​អនុវត្តតាម​យុត្តាធិការ​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ដែល​នឹង​អាច​ចាប់ខ្លួន​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ដែល​រង​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ណាមួយ​ដែល​លោកពូ​ទីន​ជាន់​ទឹកដី​អា​មេ​នី​។

​​ភាគី​រុស្ស៊ី​បាន​ជំទាស់​យ៉ាងខ្លាំង​ ទោះបី​មានការ​ចោទប្រកាន់​បែប​នោះក្តី។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យកន្លងមកនេះ​ថា ប្រទេស​អា​មេ​នី​បាន​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ជ្រក​ក្រោម​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​។​

​នេះបើ​យោងតាម​រ៉​យ​ទ័​រថា​ រដ្ឋាភិបាល​អា​មេ​នីបាន​និយាយថា ​ខ្លួន​កំពុង​ផ្លាស់ប្តូរ​ដើម្បី​មក​នៅក្រោម​យុត្តាធិការ​របស់​តុលា​ការដែល​ជំរុញ​ឱ្យ​ទីក្រុង​ម៉ូស្គូ​ព្រមាន​អំពី «​ផលវិបាក​ធ្ងន់ធ្ងរ​»​ប្រសិនបើ​វា​កើតឡើង​។

លោក Nikol Pashinyan ​នាយករដ្ឋមន្ត្រី​អា​មេ​នី បាន​ប្រាប់​សារព័ត៌មាន Politico ផ្សាយ​កាលពី​ថ្ងៃទី ​១៣ ​កញ្ញា​ថា ខ្លួន​លែង​ពឹង​រុស្ស៊ី​ជា​អ្នកធានា​សន្តិសុខសម្រាប់​ខ្លួន​តទៅទៀត​ហើយ បើទោះបីជា​ជម្លោះ​ទំនង​កើតជា​ថ្មី​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់ក៏ដោយ​។

​​កាលពី​ខែមីនា តុលាការ​នៅ​ទីក្រុង​ឡាអេ​បាន​ចោទប្រកាន់​លោកពូ​ទីន​ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពីបទ​និរទេស​កុមារ​រាប់រយ​នាក់​ ឬ​ច្រើន​នាក់​ដោយ​ខុសច្បាប់​ពី​អ៊ុយ​ក្រែ​ន​ដែលជា​ការអះអាង​មួយ​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​វិមាន​ក្រឹម​ឡាំង​ថា​ ជា​បក្ខពួក​គ្មាន​ន័យ និង​ខឹងសម្បារ​។

​​ដីកា​តុលាការ​ក្រុងឡាអេ​នេះ​តម្រូវឱ្យ​រដ្ឋ​សមាជិក​ទាំង ​១២៣ ​ដែល​បាន​ចុះ​ហត្ថលេខី​ត្រូវ​ចាប់ឃុំខ្លួន​និង​ផ្ទេរ​លោក ពូ​ទីន ប្រសិនបើ​លោកពូ​ទីន​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ពួកគេ​។ លោក ពូ​ទីន បាន​បោះបង់​ការចូលរួម​ប្រជុំ​ជា​អន្តរជាតិ​ជាច្រើន ដូចជា​កិច្ចប្រជុំ​កំពូល BRICS នៅ​អាហ្រ្វិក​ខាងត្បូង​កាលពី​ខែសីហា​ជាដើម​ ដែលជា​ផ្នែក​មួយ​នៃ​ការបញ្ចៀស​ពី​ការចាប់ខ្លួន ឬ​ភាពចម្រូងចម្រាស​ដល់​ម្ចាស់ផ្ទះ​។​

ឯកអគ្គរដ្ឋទូត​នៃ​ក្រសួង​ការ​បរទេស​អា​មេ​នី លោក Edmon Marukyan បាន​និយាយថា ប្រទេស​អា​មេ​នី បាន​បញ្ជូន ​​«​សំណើ​»​ លើ​បញ្ហា​នេះ​ទៅកាន់​ទីក្រុង​ម៉ូស្គូ​។ TASS បាន​ដកស្រង់​សម្តី​លោក​ទូត​ថា​៖«​កិច្ចប្រជុំ​មួយ​ត្រូវបាន​ធ្វើឡើង ហើយ​ដំណើរការ​កំពុងដំណើរកា​រ​» បើតាមទីភ្នាក់ងារសារព័ត៌មាន TASS បាន​រាយ​​ការណ៍​​។

​ទំនាក់ទំនង​ទ្វេភាគី​រវាង​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​យ៉េ​រ៉េ​វ៉ាន់ ​(Yerevan) បាន​ធ្លាក់ចុះ​កាន់តែ​ដុនដាប​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជុំវិញ​អ្វីដែល​យ៉េ​រ៉េ​វ៉ាន់​និយាយថា គឺជា​ការបរាជ័យ​រប​ស់​ទីក្រុង​ម៉ូស្គូ​ ក្នុងការ​រក្សាបាន​ពេញលេញ​នូវ​សន្ធិសញ្ញា​បទ​ឈប់​បាញ់​ឆ្នាំ ២០២០ ដែល​ទីក្រុង​ម៉ូស្គូ​ធ្វើជា​អ្នក​សម្រប​សម្រួល​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ឱ្យ​បញ្ចប់សង្គ្រាម​របស់​ពួកគេ​លើ Nagorno-Karabakh ដែលជា​តំបន់​ដែលមាន​ប្រជាជន​អា​មេ​នី​នៃ​អា​ស៊ែ​បៃ​ហ្ស​ង់​។

​​កាលពី​សប្តាហ៍​មុន អា​មេ​នី​លុបចោល​សមយុទ្ធ​យោធា​រួម​ដែលមាន​វត្តមាន​រុស្ស៊ី ប៉ុន្តែ​បានធ្វើ​សមយុទ្ធ​យោធា​ជាមួយ​យោធា​អាមេរិក​ទៅវិញ នេះយោង​តាមការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី Anadolu៕