រដ្ឋមន្ត្រីក្រសួងធម្មការ៖ ស្នើរៀបចំវាយគង ជួង រគាំង ទូងស្គរ សម្រាប់ថ្ងៃទី២០-កញ្ញា ដើម្បីអបអរសាទរអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តក្របខណ្ឌទូទាំងប្រទេស ស្តីពីការរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។


យោងតាមសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេខ ២៥ សលខ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ យោងក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភព លោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសូមឱ្យប្រធានមន្ទីរធម្មការ និង សាសនា រាជធានី-ខេត្តសហការឱ្យបានជិតស្និទ្ធបំផុតជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗ ទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៧ព្រឹកឱ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ៕