វិធីធ្វើនំពុម្ពស្នូលដូង មិនត្រឹមមានក្លិនឈ្ងុយ ថែមទាំងឆ្ងាញ់

ថ្ងៃនេះនាំអារម្មណ៍បងប្អូនវិញទៅកាន់អតីតកាល ជាក្មេងថាធ្លាប់ញ៉ាំនំពុម្ពស្នូលដូង ក្មេងជំនាន់ក្រោយនេះប្រហែលមិនសូវបានភ្លក់សាកនំនេះទេមើលទៅ តែថាបើជំនាន់ក្មេងទស្សវត្សន៍៨០ និង៩០ វិញភាគច្រើនបានញ៉ាំស្ទើររាល់ថ្ងៃ ព្រោះវាថោក ហើយឆ្ងាញ់ ញ៉ាំឆាប់ឆ្អែតជាអាហារសម្រន់ពេលនៅសាលារៀន លុះមកដល់សព្វថ្ងៃមិនសូវមានកន្លែងលក់ទេ តោះនៅចាំអីទៀត! បើចង់ញ៉ាំអាចមើលរូបមន្តខាងក្រោម ធ្វើញ៉ាំតាមបាន៖

គ្រឿងផ្សំ៖

  • ម្សៅអង្ករ ៣៥០ ក្រាម
  • ម្សៅមី ៣ស្លាបព្រាបាយ
  • ស៊ុត ២ គ្រាប់
  • ខ្ទិះដូង ១ ចានចង្កឹះ
  • ស្ករស កន្លះចានចង្កឹះ
  • សាច់ដូងកោស កន្លះចានចង្កឹះ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆាសម្រាប់លាបពុម្ភចាក់នំ
  • ល្ងរ ស ឬខ្មៅ (តាមការចូលចិត្ត)

វិធីធ្វើ៖

១-មុនដំបូងយកម្សៅអង្ករមកលាយជាមួយ អំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲ្យសព្វទុកមួយឡែកសិន

២-យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲ្យបែកសិន បន្ទាប់មកដាក់ស្ករស រួចកូរចូលគ្នា

៣-យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲ្យសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនឹងសាច់ដូងនិងល្ង

៤-កូរចូលគ្នាឲ្យរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា ១០ នាទីសិន

៥-១០ នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងរួចលាបប្រេងឆាទាំងសងខាងទុកឲ្យក្តៅសិន ទើបយកម្សៅចាក់ចូលក្នុងពុម្ពទុកឲ្យឆ្អិនទាំងសងខាងជាការស្រេច។