ឥណ្ឌូណេស៊ី៖ សិស្សក្នុងទីក្រុងតម្រូវឱ្យឆាប់ចូលថ្នាក់រៀនតាំងពីព្រឹកព្រលឹម
ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ទីក្រុង Kupang កំពុងសាកល្បងកម្មវិធីសិក្សាមួយដែលតម្រូវឱ្យសិស្សចូលថ្នាក់រៀននៅវេលាម៉ោង5 និង30នាទីព្រឹក ដើម្បី «លើកកម្ពស់វិន័យ» បង្កឱ្យមានមតិចម្រូងចម្រាសក្នុងសង្គម។
នៅ Kupang ជាទីក្រុងរដ្ឋបាលរបស់ខេត្ត Nusa Tenggara ភាពខាងកើត របស់ប្រទេសឥណ្ឌូណេស៊ី ឃើញមានទិដ្ឋភាពសិស្សសាលាស្ងាប ពេលកំពុងធ្វើដំណើរទៅកាន់សាលារៀន នៅពេលព្រឹកព្រលឹម បានក្លាយជារឿងសាមញ្ញនៅក្នុងប៉ុន្មានថ្ងៃកន្លងទៅ នោះគឺជាសិស្សចុងកម្រិតរបស់សាលាវិទ្យាល័យចំនួនដប់ដែលកំពុងអនុវត្តកម្មវិធីសាកល្បងចូលសាលារៀននៅម៉ោង5 និង30នាទីព្រឹក។
លោក Viktor Laiskodat អភិបាលក្រុង Kupang បានប្រកាសកម្មវិធីនេះកាលពីខែមុន គឺធ្វើឡើងក្នុងលើកម្ពស់ វិន័យសម្រាប់សិស្ស។ ក៏ប៉ុន្តែកម្មវិធីនេះទទួលបានការរិះគន់ច្រើនពីសាធារណជន។ អាណាព្យាបាលរបស់សិស្សនិយាយថា កូនៗរបស់ពួកគាត់អស់កម្លាំងខ្លាំងពេលត្រលប់មកផ្ទះ។ សាលារៀនផ្សេងទៀតនៅឥណ្ឌូណេស៊ី ជាធម្មតាតម្រូវឱ្យសិស្សចាប់ផ្ដើមរៀនពីម៉ោង 07 ឬម៉ោង 08 ព្រឹក។
អាជ្ញាធរឥណ្ឌូណេស៊ីបានស្នើឱ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ ពិនិត្យឡើងវិញចំពោះកម្មវិធីខាងលើ។ ចំណែកក្រុមមន្ត្រីក្នុងតំបន់ក៏បានស្នើឱ្យលុបចោលកម្មវិធីដែលពួកគេហៅថា «គោលនយោបាយគ្មានហេតុផល» ចំពោះសិស្សមួយនេះផងដែរ៕