ខណ្ឌដូនពេញ៖ ករណីបញ្ឆោតស្រ្តីគ្រូទាយម្នាក់ នាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ចាប់ខ្លួនស្ត្រីដៃដល់ហើយ

ភ្នំពេញ៖  ស្ត្រីដៃដល់ដែលបញ្ឆោតស្រ្តីគ្រូទាយម្នាក់ពីផ្សារសាមគ្គីនាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ប្លន់យកគ្រឿងអលង្កា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ហេងពេជ្រ មុខមន្ទីរពេទ្យកាល់ម៉ែត្រ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនបានហើយ។

កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹងខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្ម បោកបញ្ឆោតស្រ្តីគ្រូទាយម្នាក់ យកទៅសម្លាប់នៅផ្ទះសំណាក់ (ដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងផ្ទះសំណាក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយធ្វើការឃាត់ខ្លួនស្រ្តីជនសង្ស័យបាននៅចំណុចក្នុងផ្សារធំថ្មីខេត្តពោធិ៍សាត់។

បច្ចុប្បន្នស្រ្តីសង្ស័យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចកំពុងសាកសួរកសាងសំណុំរឿង៕