ខណ្ឌពោធិ៍សែនជ័យ៖ ហុងដាឌ្រីម ព្រលះ ហុងដាBeat របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖  ម៉ូតូហុងដាBeat កំពុងជិះឆ្លងផ្លូវ ស្របពេលម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នាល្បឿនលឿនជ្រុលទៅបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ម្នាក់បាក់ដៃឆ្វេង ម្នាក់បាក់ជើងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល។

ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៉ី មុខការ៉ាស់សាំង PTT ចំណុចភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាកន្លែងកើតហេតុការណ៍ខាងលើ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-2076 ជិះគ្នា២នាក់ ពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយភាគីម៉ូតូ ម៉ាកហុងដាBeat ពណ៌ស ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-0411 ជិះដោយយុវជនម្នាក់ កំពុងឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ម្នាក់បាក់ដៃឆ្វេង អ្នករួមដំណើររបួសស្រាល ហើយជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកភាគីម៉ូតហុងដាBeat រងរបួសបាក់ជើងស្តាំ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដោយខ្លួនឯង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយកើតហេតុ មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះទៅវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជាបណ្តោះអាសន្ន ៕