លោក Kim Jong Un សរសើរយន្តហោះចម្បាំងរុស្ស៊ី លើការយកឈ្នះការគំរាមដ៏មានសក្តានុពល
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្តែងការកោតសរសើរចំពោះបច្ចេកវិទ្យាអាកាសចរណ៍របស់រុស្ស៊ី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលអាចយកឈ្នះការគំរាមកំហែងដ៏មានសក្តានុពលពីខាងក្រៅ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកកាលពីថ្ងៃសុក្រ ទៅកាន់រោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី បានរាយការណ៍ដោយសារព័ត៌មាន KCNA នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ ។
លោក Kim កាលពីថ្ងៃសុក្របានពិនិត្យរោងចក្រផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភថា អាចពង្រឹងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Kim បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងការធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការ នៅពេលមេដឹកនាំទាំងពីរបានជួបគ្នាកាលពីថ្ងៃពុធ។
លោក Kim បានជួបអ្នកបើកយន្តហោះសាកល្បងនៅរោងចក្រដំឡើងតួយន្តហោះចម្បាំង ហើយឡើងលើយន្តហោះ Su-57 ដើម្បីស្តាប់ការពន្យល់លម្អិតអំពីលក្ខណៈបច្ចេកទេស និងដំណើរការហោះហើររបស់យន្តហោះចម្បាំងជំនាន់ទីប្រាំ។
លោក បានឡើងលើយន្តហោះ ដែលផលិតដោយរោងចក្រ ដើម្បីស្វែងយល់ពីដំណើរការរបស់វា និងមើលការហោះហើរសាកល្បងយន្តហោះចម្បាំង Su-35។ ការស្នាក់នៅរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹងថានឹងបន្តនៅថ្ងៃសៅរ៍នេះ ដែលអាចមានដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ្លេដឌីវ៉ូស្តុក(Vladivostok) ភាគខាងកើត និងមូលដ្ឋានកងទ័ពជើងទឹកមួយកន្លែង។
រុស្ស៊ី និងកូរ៉េខាងជើង ពុំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយស្តីពីបញ្ហាយោធា ឬលើវិស័យផ្សេងៗទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា កិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី គឺជាការរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើទីក្រុងព្យុងយ៉ាង ហើយសម្ព័ន្ធមិត្តនឹងធានាថា នឹងមានការលំបាកសម្រាប់ទង្វើររបស់ខ្លួន យោងតាមវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រ។