បើករថយន្តបុកជនរងគ្រោះស្លាប់ សមត្ថកិច្ចចាប់ខ្លួននាយរងការិយាល័យ

ភ្នំពេញ៖ ករណី បើករថយន្តបុកបណ្តាលឲ្យជនរងគ្រោះស្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៤២នាទី សមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវបង្រ្កាប។

ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង ភេទ ស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ ដូរ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹង។

រីឯជនសង្ស័យឈ្មោះ សូត្រ សិទ្ធី ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ តួនាទី នាយរងការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ នៃអង្គភាពអន្តរាគមន៍ ស្នាក់នៅផ្ទះលេខ១៥F៨ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕