រដ្ឋមន្ត្រីណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមានវិធានការទាញទឹកត្រៀមបង្ការកង្វះខាតនារដូវប្រាំងខាងមុខ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានណែនាំឱ្យប្រធានមន្ទីរនៅជាប់ដងទន្លេមេគង្គ និងទន្លេសាបត្រូវបង្កើនការគ្រប់គ្រងវិធានការទាញទឹកពីទន្លេចូលព្រែក និងអាងទប់ទឹកដើម្បីត្រៀមបង្ការកង្វះខាតទឹកនៅរដូវប្រាំងខាងមុខ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានប្រកាសថា រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ខណៈក្រសួងប្រកាសឱ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។

ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០% តាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម។

ស្ថានភាពភ្លៀងមិនសូវបានរ៉ាយប៉ាយ ផ្ទៃដីរងទឹកភ្លៀងប្រមាណ ៤០ ទៅ ៦០ ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ខណៈផ្នែកខ្លះនៃតំបន់ភូមិសាស្ត្រខ្ពង់រាប និងតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ច្រើន។

នៅក្នុងខែតុលា និងខែវិច្ឆិកាកម្រិត និងរបាយទឹកភ្លៀងបន្តធ្លាក់ថមថយមកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ជាមួយនឹងផ្ទៃរងទឹកភ្លៀងប្រមាណ ៣០ ទៅ ៤០ ភាគរយ ក្រសួងធនធានទឹកក៏បានលើកឡើង។

រដូវវស្សាឆ្នាំ ២០២៣ នឹងបញ្ចប់លឿនជាងឆ្នាំ ២០២២ ដែលតំបន់ខ្ពង់រាបនឹងបញ្ចប់នៅសប្ដាហ៍ទី ៣ នៃខែតុលា តំបន់វាលទំនាប និងមាត់សមុទ្របញ្ចប់នាសប្ដាហ៍ទី ៤ នាខែតុលា ហើយក្រសួងអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេសតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕