បុគ្គលិកស្ថានទូតអាមេរិកពីររូបពីបទ«ធ្វើសកម្មភាពខុសច្បាប់» រុស្ស៊ីបណ្ដេញចេញ
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបណ្ដេញអ្នកការទូតអាមេរិកពីររូប ដែលខ្លួនបានចោទប្រកាន់ថា បានធ្វើការជាមួយជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសហការជាមួយរដ្ឋបរទេស។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកោះហៅបេសកជនអាមេរិក លោកស្រី Lynne Tracy ហើយបានប្រាប់លោកស្រីថា លេខាធិការទីមួយរបស់ស្ថានទូតលោក Jeffrey Sillin និងលេខាទីពីរ លោក David Bernstein ត្រូវតែចាកចេញពីប្រទេសរុស្ស៊ីក្នុង រយៈពេល៧ថ្ងៃ។
សេចក្តីថ្លែងការណ៍របស់រុស្ស៊ី បានឲ្យដឹងថា មនុស្សដែលមានឈ្មោះនេះ បានធ្វើសកម្មភាពខុសច្បាប់ដោយរក្សាទំនាក់ទំនងជាមួយពលរដ្ឋរុស្ស៊ីឈ្មោះ R. Shonov ដែលត្រូវបានចោទប្រកាន់ពីបទ «កិច្ចសហប្រតិបត្តិការសម្ងាត់»ជាមួយរដ្ឋបរទេស។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ការបណ្តេញអ្នកការទូតទាំងពីររូបនេះ គឺមិនមានការបង្កហេតុអ្វីទេ ហើយបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបយ៉ាងសមរម្យ។