ឯកឧត្ដមស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន បង្ហាញឆន្ទៈមកកម្ពុជាលើការបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន
ប៉េកាំង÷ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយ កម្ពុជាលើការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការសន្តិសុខ ហើយបន្តការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ល្បែងស៊ីសងតាមអនឡាញ និងការក្លែងបន្លំទូរគមនាគមន៍ជាដើម ។
ឯកឧត្តម ប្រធានាធិបតីចិន បានលើកឡើងបែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដ្ឋធានីប៉េកាំងនៅថ្ងៃទី១៥ ខែកញ្ញានេះ ។
ប្រទេសចិនក៏មានឆន្ទៈក្នុងការរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្តនឹងធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើអភិបាលកិច្ចជាមួយព្រះរាជាណាចក្រកម្ពុជាផងដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃសុក្រនេះ។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន បន្ទាប់ពីសម្ដេចចូលកាន់តំណែង ហើយវាបង្ហាញពីសារៈសំខាន់ដ៏ធំធេងដែលរដ្ឋាភិបាលថ្មីរបស់កម្ពុជាបានផ្សារភ្ជាប់ទំនាក់ទំនងចិន-កម្ពុជា ។ ម្យ៉ាងឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា និងឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ ៕