ការសន្យា​បន្ត​សហការគ្នា រវាងកម្ពុជា​-​អា​ស៊ែ​បៃ​ហ្សា​ន ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ និង​ជំរុញ​ពាណិជ្ជកម្ម​

ភ្នំពេញ៖ តាមរយៈ​រដ្ឋសភា​កម្ពុ​ជា និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ក្នុងនោះកម្ពុជា​-​អា​ស៊ែ​បៃ​ហ្សា​ន បាន​សន្យា​បន្ត​សហការគ្នា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ខិតខំ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍​ឱ្យមាន​ការរីកចម្រើន ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។​

​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ បានបង្ហាញ​ជំហរ​ ធ្វើឡើង​រវាង​ប្រធានរដ្ឋសភា សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី និង​លោក ស៊ូ​វ​គី មេ​ឌី​ហ្សា​ដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​។

​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​ជំនួប​នោះបាន​ឱ្យដឹងថា សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បាន​ថ្លែងថា រដ្ឋសភា​កម្ពុជា ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​ពេញលេញ​ជាមួយ​លោក ស៊ូ​វ​គី មេ​ឌី​ហ្សា​ដា ដើម្បី​ជួយ​ឱ្យ​បេសកកម្ម​ទទួលបាន​ជោគជ័យ​។

​ជាមួយគ្នានេះ លោកស្រី​សង្ឃឹមថា ក្រោម​អាណត្តិ​ការទូត​របស់លោក មេ​ឌី​ហ្សា​ដា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​អា​ស៊ែ​បៃ​ហ្សា​ន នឹង​បន្ត​រីកលូតលាស់​បន្ថែមទៀត​។

​ប្រភព​ខាងលើ​ឱ្យដឹងថា​៖«​សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បានស្នើ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋសភា អា​ស៊ែ​បៃ​ហ្សា​ន បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា ទាំង​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ពិសេស​ដើម្បី​រដ្ឋសភា​កម្ពុជា ធ្វើ​ទំនើបកម្ម​ស្ថាប័ន ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​»​។

​លោកស្រី​ឱ្យដឹងទៀតថា អា​ស៊ែ​បៃ​ហ្សា​ន ជា​ប្រទេស​ដែល​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា ក្នុងសម័យ​សហភាពសូវៀត ហើយ​បញ្ញាវន្ត​ខ្មែរ​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អា​ស៊ែ​បៃ​ហ្សា​ន បាន​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​បច្ចុប្បន្ននេះ​។

​លោក ស៊ូ​វ​គី មេ​ឌី​ហ្សា​ដា តាមរយៈ​រដ្ឋសភា​កម្ពុ​ជា បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​ធំធេង ដែល​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​សកល​នាពេល​ថ្មីៗ និង​បាន​អបអរសាទរ​ចំពោះ​សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា នៅក្នុង​នីតិកាល​ទី​៧​នេះ​។

​ប្រភពពី​រដ្ឋសភា​បញ្ជា​ក់ថា​៖«​ឯកឧត្តម ស៊ូ​វ​គី មេ​ឌី​ហ្សា​ដា បាន​ទទួលយក​សំណើ​របស់ សម្តេច​រដ្ឋសភាធិបតី និង​បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​»​។​

​ជាមួយគ្នានេះ​លោក មេ​ឌី​ហ្សា​ដា ក៏បាន​អរគុណ​រដ្ឋសភា​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​សភា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ក្លាយជា​អ្នកសង្កេតការណ៍​អន្តរ​សភា​អាស៊ាន កាលពី​ឆ្នាំ​កន្លងទៅ នៅពេល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត AIPA លើក​ទី​៤៣​នោះ​។

​ជាថ្មី​ម្តងទៀត​លោក​បាន​សន្យាថា នឹង​ខិតខំ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍​ឱ្យមាន​ការរីកចម្រើន​ឡើង ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ និង​បានលើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​ការបង្កើត​សមាគម​អតីត​និស្សិត​កម្ពុជា​និង​អា​ស៊ែ​បៃ​ហ្សា​ន ដើម្បី​ពួកគេ​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​គ្នា និង​បាន​សិក្សា​ពី​ភាសា ប្រវត្តិសាស្ត្រ វប្បធម៌ ពីគ្នា​ទៅវិញទៅមក​ផងដែរ​៕​