ឃុំត្រើយស្លា ស្រុកស្អាង បទល្មើសនេសាទទ្រង់ទ្រាយធំ ត្រូវកម្លាំងចុះ បង្ក្រាប

កណ្តាល៖ សមត្ថកិច្ចបានបើកយុទ្ធនាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើកទី០៣ ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។  ប្រតិបត្តិការនេះដឹកនាំដោយ លោក អេង វណ្ណឌី អភិបាលរងស្រុកស្អាង តំណាងលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ។

សមត្ថកិច្ចបានចុះបង្រ្កាបនៅចំនួន០៣ទីតាំង ក្នុងឃុំត្រើយស្លារួមមាន៖

១-នៅចំណុចអាងអាត្លោត ស្ថិតក្នុងភូមិព្រែក និងភូមិព្រែកប៉ាន

២-នៅចំណុច អាងយុវជន ស្ថិតក្នុងភូមិព្រែកតាឯក និងភូមិពោធិ៍ក្រោម

៣-ចំណុចពាមសូ(ចុងព្រែកបាឡាត់ឆឹង និងភូមិថ្កុល )ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ភូមិថ្កុល និងភូមិទួលក្តី។

សមាសភាពចូលប្រតិបត្តិការបង្ក្រាបនោះរួមមាន៖លោក ប៉ាវ ប៉េង មេឃុំត្រើយស្លា លោកជំទប់ទី១ ក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ កងកម្លាំងអាវុធហត្ថស្រុកស្អាង កម្លាំងសឹករងស្រុកស្អាង ប្រធានការិយាល័យកសិកម្ម និងបរិស្ថានស្រុកស្អាង អង្គការអភិរក្ស RCD នាយ នាយរង សង្កាត់ជលផលស្រុកស្អាង មន្ត្រីផ្នែកជលផលទន្លេបាសាក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រើយស្លា ប្រជាការពារ និងប្រជាពលរដ្ឋក្នុងឃុំត្រើយស្លា សរុបកម្លាំងចូលរួម មាន ចំនួន១៣៦នាក់ស្រី០ រួមនឹង ទូកដែលចុះបង្រ្កាបមានចំនួន៣៤ទូក។

សម្ភារៈបង្រាបបាន និងក្រោយប្រតិបត្តិការនោះ សមត្ថកិច្ចបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនដូចជា៖
១-លូស្បៃសៃយ៉ឺន ចំនួន១២០មាត់លូ

២-ព្រួលស្បៃប្រវែង១២០០ម៉ែត្រ
៣-បង្គោលឫស្សីចំនួន៣១០ដើម
៤-លែងត្រីចំរុះចំនួនជាង៣០០គីឡូ៕