ជឿឬទេ? ដីមួយក្ដាប់មានតម្លៃរហូតដល់រាប់ពាន់លានដុល្លារអាមេរិក
ដីមានតម្លៃឡើងដល់ 9 ពាន់លានដុល្លារអាមេរិក គ្រាន់តែមួយក្ដាប់សោះ ? សូម្បីតែកំពូលមហាសេដ្ឋីពិភពលោកក៏ពិបាករកទិញ ព្រោះតែភាពកម្ររបស់វា។ ដូច្នេះតើនេះគឺជាដីអ្វីឲ្យប្រាកដ?
ធូលី ដី របស់ភពអង្គារ គឺជាដី ឬធូលីត្រឹមមួយក្ដាប់ ដែលត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ជាងគេលើពិភពលោក។ ក្រុមអ្នកជំនាញនិយាយថា ធូលីភពអង្គារតែមួយក្ដាប់ក៏អាចត្រូវបានលក់ដេញថ្លៃក្នុងតម្លៃរហូតដល់ 9 ពាន់លានដុល្លារអាមេរិក។ នេះអាចត្រូវបានចាត់ទុកថា ជាធូលីថ្លៃបំផុតក្នុងកាឡាក់ស៊ីមីលគីវ៉េ។
ហេតុផលដែលធ្វើឱ្យធូលីភពអង្គារមានតម្លៃខ្ពស់បែបនេះ គឺដោយសារគេត្រូវចំណាយពេលរហូតដល់មួយទសវត្សរ៍ ប្រាក់រាប់ពាន់លានដុល្លារអាមេរិក និងបេសកកម្មអវកាសជាច្រើន ទើបអាចនាំយកដី ឬធូលីមួយក្ដាប់មកដល់ផែនដីយើងបានឃើញ។
ជាក់ស្ដែង បេសកកម្មដែលនាំទៅរកការយកបានដីមួយក្ដាប់ពីភពអង្គារមកកាន់ផែនដី បានចាប់ផ្ដើមពីថ្ងៃទី 30 កក្កដា 2020 ដោយប្រើប្រាស់រ៉ុក្កែត Atlas V ដែលមានតម្លៃសរុបប្រហែល 109 លានដុល្លារអាមេរិក។ Atlas V នាំយកយាន Perseverance និងកូនឧទ្ធម្ភាគចក្រ Ingenuity ទៅជាមួយ។ ជើងហោះហើរនេះអូសបន្លាយពេលប្រហែល 7 ខែ។ រហូតដល់ថ្ងៃទី 18 កុម្ភៈ 2021 រ៉ុក្កែត Atlas V ក៏បានហោះដល់គោលដៅ។ ក្រោយពីបានចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ យាន Perseverance ក៏ចាប់ផ្ដើមដំណើរប្រមូលយកសំណាកដី និងអនុវត្តបេសកកម្មនាំយកដី ធូលីរបស់ភពក្រហមនេះមកកាន់ផែនដី។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា អាចរកឃើញដាននៃភាវៈរស់ក្នុងសំណាកដីភពអង្គារនេះ។
យាន Perseverance ជាបេសកកម្មរបស់ណាសា ក៏មានគោលដៅមួយផ្សេងទៀត នោះគឺការពិសោធបច្ចេកវិទ្យាផលិតអុកស៊ីសែនលើភពអង្គារ ដោយប្រើប្រាស់ធនធាននៅលើភពនេះ។ ដើម្បីធ្វើបានបែបនេះ យានរបស់ណាសាដែលមានតម្លៃ 2.7 ពាន់លានដុល្លារ នឹងប្រមូលសំណាកដីរហូតដល់ឆ្នាំ 2023។ ប៉ុន្តែយាននេះនឹងទុកបំពង់ផ្ទុកសំណាកដីលើផ្ទៃភពអង្គារផងដែរ។
សំណាកដីនេះជិតមួយទសវត្សរ៍ក្រោយ នឹងត្រូវបានយកមកកាន់ផែនដីដោយយានមួយផ្សេងទៀតដែលមានតម្លៃរាប់ពាន់លានដុល្លារ និងចំណាយពេល 7 ខែដើម្បីហោះទៅដល់ភពអង្គារ។ បេសកកម្មថ្មីនាពេលអនាគតនោះនឹងចំណាយពេលសរុបប្រហែល 5 ឆ្នាំទៀត។ សំណាកដីភពអង្គារដែលនឹងត្រូវបាននាំមកដល់ផែនដី នឹងត្រូវបានមនុស្សពិនិត្យដើម្បីឱ្យដឹងថា តើភពអង្គារមានភាវៈរស់ ឬអត់?
មិនតែប៉ុណ្ណោះ ការសិក្សាស្រាវជ្រាវសំណាកដី ធូលីភពអង្គារក៏អាចជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញ ឬបកស្រាយអំពីអាថ៌កំបាំងជាច្រើនដែលទាក់ទងនឹងភពក្រហមនេះផងដែរ។ នេះក៏ជាមូលហេតុដែលរួមចំណែកជួយឱ្យដី ឬធូលីភពអង្គារមួយក្ដាប់មានតម្លៃរហូតដល់ 9 ពាន់លានដុល្លារអាម៉េរិក៕