លោកពូទីន៖ អ៊ុយក្រែនអស់ធនធាន ទើបពិភាក្សាលើសន្តិភាព

រុស្ស៊ី៖  លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និយាយកាលពីថ្ងៃអង្គារកន្លងទៅថា អ៊ុយក្រែនអាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការពិភាក្សាលើសន្តិភាព នៅពេលណាដែលពួកគេអស់ធនធាន ប៉ុន្តែទីក្រុងគីវ នឹងប្រើប្រាស់បទឈប់បាញ់ដើម្បីប្រមូលកម្លាំងរបស់ពួកគេឡើងវិញប៉ុណ្ណោះ។

លោកពូទីន ថ្លែងនៅក្នុងវេទិកានៅទីក្រុងភាគខាងកើត Vladivostok ប្រទេសរុស្ស៊ី ដោយបានលើកឡើងម្តងហើយម្តងទៀតថា ការវាយបកបច្ចុប្បន្នរបស់អ៊ុយក្រែន ពុំបានទទួលជោគជ័យនោះទេ ដោយពួកគេមិនទទួលបានលទ្ធផលអ្វីនោះឡើយ ។

លោកបន្តថា អ៊ុយក្រែនកំពុងវាយបកពិតមែន ប៉ុន្តែគ្មានលទ្ធផលនោះទេ ។ ពួកយើងមិននិយាយថា បរាជ័យ ឬមិនបរាជ័យនោះទេ គ្រាន់តែគ្មានលទ្ធផលប៉ុណ្ណោះ ។

លោកបន្តថា មាននូវការបាត់បង់ច្រើន ការបាត់បង់កាន់តែធំ នៅត្រង់ចំណុចខ្លះពួកគេចង់បានលទ្ធផល តែពួកគេពុំទទួលបានដូចចិត្តនោះទេ។

ជាការឆ្លើយតបចំពោះសំនួរថាតើរុស្ស៊ីត្រូវការកេណ្ឌទាហានថ្មី ដើម្បីពង្រឹងកិច្ចខិតខំយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនឬយ៉ាងណា លោកពូទីន និយាយថា ប្រជាពរដ្ឋរុស្ស៊ីចន្លោះពី ១.០០០នាក់ ទៅ ១.៥០០នាក់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ម័គ្រចិត្ត ដើម្បីចូលបម្រើកងទ័ពជារៀងរាល់ថ្ងៃ។

ការបញ្ជាក់របស់ លោកពូទីន ទៀតថា ក្នុងរយៈពេល ៦ខែ ឬ ៧ខែកន្លងមកនេះ ប្រជាពលរដ្ឋរបស់ពួកយើង ២៧ម៉ឺននាក់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ម័គ្រចិត្តចូលបម្រើកងទ័ព គឺជាតួលេខទាបជាងចំនួនពលរដ្ឋ ២៨ម៉ឺននាក់ ដែលអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានបញ្ជាក់កាលពីដើមខែនេះ ៕