លំហាត់ហ្វឹកហ្វឺនដោះមីនក្របខ័ណ្ឌអាស៊ានបូក កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង

កំពង់ស្ពឺ៖ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​អញ្ជើញ​បើក​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​លើ​ទីលាន​សកម្មភាព​មីន​មនុស្ស​ធម៌​ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកដំបូង ក្រោមប្រធានបទ “មាតុ​ភូមិ​ដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងថា នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ គឺកម្ពុជា ធ្វើ​ជា​សហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និង​មាន​ការ​ចូល​រួម​កង​ទ័ព​បណ្តា​ប្រទេស​ចំនួន​១៤​ ក្នុង​តំបន់អាស៊ាន បូក ចិន អាមេរិច អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និង​សហព័ន្ធរុស្សី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោធា ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក ការប្រើប្រាស់សម្ភារៈ​បច្ចេកវិទ្យាដោះមីនទំនើប និង​ការ​ធ្វើ​នវានុវត្តន៍​ដោះមីន ​និងការកម្ទេច​គ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈ លំហាត់​ហ្វឹកហ្វឺន​នេះនឹ​ង​រួម​ចំណែក​មួយ​យ៉ាង​សំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងថា អំឡុងពេល១០ថ្ងៃនៃវគ្គហ្វឹកហ្វឺននេះ សិក្ខាកាម នឹង​មាន​ដំណើរ​ទស្សន​កិច្ច​សិក្សា​ទៅ​កាន់​តំបន់​ទេសចរណ៍​កំពុង​មាន​សក្តានុពល​នៅ​កម្ពុជា​ រួមទាំងធ្វើកិច្ចការមនុស្សធម៌ បន្ថែមលើការហ្វឹកហាត់នៅទីលាន។ ជាមួយគ្នានោះ ក៏​មាន​ការ​សម្តែង​សិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញនូវប្រពៃណី ទំនៀមទំលាប់ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺនPKO នៅ​ខេត្ត​កំពង់ស្ពឺ​នេះ គឺកម្ពុជាធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន៖ លំហាត់​ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក មាន​ប្រទេស​ចូល​រួម​ចំនួន​៩ប្រទេស រៀបចំវគ្គហ្វឹកហ្វឺនទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI​ចំនួន​២៣​ប្រទេសចូលរួម និងរៀបចំ ហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និង​កម្ទេច​គ្រឿងផ្ទុះ ថ្នាក់អាស៊ាន និងតំបន់ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​សាធារណរដ្ឋ​បារាំង​ចំនួន​៥​វគ្គ​ មានប្រទេសចូលរួមសរុបចំនួន ១២ប្រទេស។

លោក​វរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន “Yang BinBin” នាយរងសេនាធិការ សម្ព័ន្ធ​អង្គភាព​ទ័ព​លេខ​៧៥ នៃកងទ័ពរំដោះប្រជាជនចិន ថ្លែងថា នៅក្នុង​ដំណើរ​រៀបចំ​លំហាត់​ហ្វឺកហ្វឺន​ដោះ​មីន​ ក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកដំបូងនៅកម្ពុជា នឹងបង្កើនការរិតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែល្អ ផ្នែកខាងយោធាកាន់តែល្អប្រសើរ និង​ការ​បង្កើន​សកម្មភាព​មនុស្សធម៌​លើ​ឆាកអន្តរជាតិលើវិស័យមីន៕