គ្មានចំណេះដឹងពីអាជីវកម្ម ឬគ្មានក្បួនខ្នាត អាជីវកម្មទៅជាយ៉ាងណា?

គ្រប់អ្នកធ្វើធុរកិច្ចសឹងទាំងអស់ ជាទូទៅគោលដៅ ដើម្បីទទួលបានប្រាក់ចំណេញសមស្របមួយ។ តែថាតើនរណាជាអ្នកកំណត់ភាពស្លាប់ឬរស់របស់អាជីវកម្ម? ចម្លើយគឺអតិថិជន! បើអតិថិជនគាំទ្រ យើងអាចនឹងរស់រានឬទទួលបាននូវការរីកចម្រើនទៅមុខ។ អតិថិជនមិនសូវខុសពីមេអំបៅនោះទេ តែងហិចហើររកផ្កាណាដែលទាក់ទាញហើយមានលម្អងដែលខ្លួនចូលចិត្តជាងគេ។

ប៉ុន្តែការរត់ដេញតាមចាប់មេអំបៅជាការលំបាក  ហើយមេអំបៅក៏មានច្រើនប្រភេទទៅទៀត តែថាបើសិនយើងឆ្លាតជាងនេះគឺយើងសិក្សាពីលក្ខណៈនៃមេអំបៅ  ហើយកសាងរៀបចំសួនច្បារ និងដាំនូវផ្កាដែលពួកគេចូលចិត្ត នោះជារឿងប្រសើរនឹងធានាពីជោគជ័យច្រើនជាង (Don’t chase after butterflies… tend your garden and let the butterflies come)។

នៅពេលបានអានសៀវភៅការធ្វើធុរកិច្ច ជាការសំយោគចេញនូវចំណេះដឹង ជំនាញនិងបទពិសោធន៍ដែលអ្នកនិពន្ធទទួលបាន ក្រោយការស្រាវជ្រាវ  ផ្តល់កិច្ចពិគ្រោះចំពោះធុរកិច្ចខ្នាតតូចៗមួយចំនួន និងបង្រៀនលើមុខវិជ្ជាសំខាន់ៗជាគន្លឹះជោគជ័យនៃធុរកិច្ចក៏ដូចជាសហគ្រិនភាព  ការគ្រប់គ្រងយុទ្ធសាស្ត្រ  ការគ្រប់គ្រងម៉ាឃីធិង និងការគ្រប់គ្រងធនធានមនុស្ស ហើយបានយកមករំលេចក្នុងសៀវភៅអស់ទាំងនេះ យើងខ្ញុំសូមលើកបណ្តាចំណុចសំខាន់ៗ ដែលគួរស្វែងយល់ដូចជា៖

  • លក្ខណៈសម្បត្តិ និងភាពប្រាកដនិយមរបស់សហគ្រិនជោគជ័យ
  • ការបង្កើតក្រុមការងារខ្លាំងមួយ
  • តើគួរផ្តើមធុរកិច្ចតាមជំនាញរបស់សហគ្រិន ឬតាមការមើលឃើញពីតម្រូវការទីផ្សារ
  • របៀបកសាងធុរកិច្ចតាមការបង្កើតគំនិតធុរកិច្ចដ៏រស់រវើកមួយ ការកសាងផែនការធុរកិច្ច ឬផែនទីអាជីវកម្មសិក្សាពីអតិថិជន ឬមេអំបៅនិងចំណូលចិត្តរបស់ពួកគេ ការកសាងសួនផ្កា ឬធុរកិច្ចដោយផលិតនូវផ្កាដែលមេអំបៅត្រូវការលក្ខណៈរបស់យើងដែលពូកែចាប់មេអំបៅ និងសិល្បៈក្នុងការអន្ទងឬចាប់មេអំបៅ។ល។

ជាមួយនឹងឧទាហរណ៍ជាច្រើន ដែលមានប្រយោជន៍ក្នុងការកសាង និងអនុវត្តសកម្មភាពធុរកិច្ចជាក់ស្តែងសៀវភៅធ្វើអាជីវកម្មជួយអ្នកអានក្នុងការយល់ដឹងពីការរៀបចំធុរកិច្ច ដោយមិនចាំបាច់ចូលរួមវគ្គដោយផ្ទាល់ឬប្រយោលនូវវគ្គសិក្សាផ្សេងៗ ក៏ដូចជាសន្សំសំចៃចំណាយដ៏ក្រាស់ក្រែល។ ជាការពិតសៀវភៅទាំងនោះគឺជាគ្រូរបស់យើងតែម្តង!!

ធុរកិច្ចជាកិច្ចការប្រកបដោយហានិភ័យ។ ប៉ុន្តែសហគ្រិនអាចកាត់បន្ថយហានិភ័យបានមួយផ្នែកធំ ប្រសិនបើសហគ្រិនមានពុទ្ធិនិងជំនាញល្អ! សូមរកជាវសៀវភៅការធ្វើធុរកិច្ចមកអានឲ្យបានច្រើន ដើម្បីសម្បូរនូវគំនិតច្នៃប្រឌិត៕