ការបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី មុនជំនួបកំពូល លោក Kim Jong Un ជាមួយលោក Putin

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បង្ហាញពី “សារៈសំខាន់ជាយុទ្ធសាស្ត្រ” នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ មុនជំនួបកំពូលដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ។

កំពុងត្រូវបានឃ្លាំមើលដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលសង្ស័យថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ហើយអាចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ លើកិច្ចប្រជុំដែលអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ។

លោក Kim បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អមដោយមន្ត្រីផ្នែកឧស្សាហកម្មការពារជាតិជាន់ខ្ពស់ និងជំនួយការយោធា ហើយត្រូវបានស្វាគមន៍ដោយឆ្មាំកិត្តិយស និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងក្នុងតំបន់នោះ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ។

ប្រភពខាងលើបានរាយការណ៍ថា លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពីជំហររបស់ គណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលកូរ៉េខាងជើង ដែលផ្តល់អាទិភាពដល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ។

ចំណែកក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភថា លោក Kim និងលោក Putin នឹងពិភាក្សាអំពីការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនដឹកជញ្ជូនគ្រាប់រំសេវទៅឲ្យរុស្ស៊ី ឬផែនការអនាគតណាមួយរបស់កូរ៉េខាងជើងក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធ៕