ល្បិចថ្មី! រថយន្តគេយកទៅជួសជុល បែជាយកទៅលក់បន្តនៅការ៉ាស់មួយផ្សេង
ភ្នំពេញ៖ អស់រយៈពេលជិត១ខែ រថយន្តSTAREX មួយគ្រឿង ត្រូវបានម្ចាស់យកទៅឲ្យជាងជួសជុល លុះទៅរកមើលស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងជាង ទំនាក់ទំនងលែងបាន ដើរស្វែងរកស្រាប់តែប្រទះឃើញរថយន្តនៅយានដ្ឋានជួសជុលរថយន្តផ្សេងទៀត ពេលសាកសួរបែជាម្ចាស់យានដ្ឋានថាទើបតែទិញទៅវិញ?
ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅយានដ្ឋាន ឈុន សុខន អូតូ ការ៉ាស់ នៅតាមផ្លូវលេខ១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តមួយគ្រឿងខាងលើ ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-6678។
បើតាមបុរសឈ្មោះ ចាន់ សុខន អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថាជាម្ចាស់រថយន្ត បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ គាត់បានយករថយន្តមួយគ្រឿងខាងលើ ឱ្យជាងធ្វើការជួសជុល នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយអាងតែស្គាល់គ្នាអស់រយៈពេល៣ឆ្នាំមកហើយ ឯកសាររថយន្តដែលដាក់ជាប់ក្នុងរថយន្តក៏មិនបានដកដែរ ហើយទូរស័ព្ទសាកសួរ រឿងជួសជុលរថយន្ត ច្រើនលើកច្រើនសារ តែជាងចេះតែប្រាប់ថា មិនទាន់ហើយទេ អូសបន្លាយពេលជិត១ខែ លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីទូរស័ព្ទអត់ចូល ទើបទៅរកមើលរថយន្ត ស្រាប់តែបាត់ ជាងក៏មិនឃើញ ទំនាក់ទំនងលែងបាន ទើបដើរតាមស្វែងរក លុះដល់រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រទះឃើញរថយន្តនៅក្នុងយានដ្ឋាន ឈុន សុខន ទៅវិញ សាកសួរទៅទើបដឹងថា រថយន្តត្រូវបានម្ចាស់យានដ្ឋាន ទើបតែទិញ៣ថ្ងៃនេះទេ ក្នុងតម្លៃ៤៥០០ដុល្លារ ។
បើតាមបុរស ឈ្មោះ ឈុន សុខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ម្ចាស់យានដ្ឋានខាងលើវិញ បានឲ្យដឹងថា គាត់ទើបតែទិញតម្លៃ៤៥០០ដុល្លា ឃើញមានឯកសារ តម្លៃថោកទៀត ទើបគាត់ហ៊ានយក ។
បន្ទាប់ពីមនុស្ស២នាក់ ដណ្តើមគ្នាជាម្ចាស់រថយន្តមួយគ្រឿងខាងលើ ការលើកឡើង និងការអះអាងមានរៀងខ្លួន ប្តឹងសមត្ថកិច្ច ចុះទៅពិនិត្យ សាកសួរ រហូតដល់ល្ងាចថ្ងៃដដែល មិនទាន់ដាច់ស្រេច ទើបសម្រេចធ្វើឯកសារ រក្សាការពារ ដោយទុករថយន្តនៅចំណុចខាងលើជាបណ្តោះអាសន្ន រងចាំឲ្យភាគីទាំង២នាក់ រកឯកសារពាក់ព័ន្ធបន្ថែម ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវបន្តទៀត ៕