លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ត្រូវបានលោក ឌិត ឌីណា ចេញសេចក្តីសម្រេចផ្អាកតួនាទី

ខេត្តកោះកុង៖ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ឌីណា ពេលនេះបានកាត់សាច់ស្អុយចោលហើយ ដោយបានផ្អាកតួនាទីភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ។

ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីសម្រេចស្តីពីការផ្អាក និងចាត់តាំងមន្ត្រីរាជការធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្អាកតួនាទីភារកិច្ច លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ជាបណ្ដោះអាសន្នហើយ ក៏បានចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានមន្ទីរទទួលបន្ទុករួមនៃមន្ទីកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងជំនួសប្រធានចាស់ដោយមានភារកិច្ចដឹកនាំ និងគ្រប់គ្រងការងាររបស់មន្ទីររហូតដល់មានការសម្រេចជាថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ។

ឯការផ្លាស់ប្តូរ និងផ្អាកការងារបណ្តោះអាសន្នទៅលើលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយផ្នែកនោះ គឺផ្តើមចេញពីលោកនាយផ្នែកជលផលស្រុកបូទុំសាគ និងលោកប្រធានមន្ទីរកសិកម្មខេត្ត ដែលបានគុបគិតទទួលសំណូក កិបកេងចំណូលថវិកាជាតិជាច្រើនលានរៀល ពីឈ្មួញរកស៊ីខ្យងស និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់តាមឆកសមុទ្រថ្មស ក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកព្រំ វណ្ណា នាយផ្នែកជលផលស្រុកបូទុមសាគរ ត្រូវបានប្រធានមន្ទីរកសិកម្មខេត្តកោះកុងចេញលិខិតបង្គាប់ការឲ្យមកបំពេញការងារ នៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងជាបណ្តោះអាសន្ននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីមានរឿងអាស្រូវជាច្រើន។

ក្នុងខណៈដែលខ្លួនជាប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ និងនេសាទ ខេត្តកោះកុងហើយបានដកមន្រ្តីរបស់ខ្លួនជានាយផ្នែកជលផលបូទុំសាគរ បញ្ឈរជើងនោះ បែបមិនដឹងថាខ្លួនគាត់ឬក៏បានដឹងទេថាខ្លួនក៏ប្រឈមនឹងការដកបញ្ឈរជើរដែរទេ? រឿងរ៉ាវជាច្រើនដែលលោកប្រធានមន្ទីរ និងលោកនាយផ្នែកបានប្រព្រឹត្តិ ធ្វើព្យុះភ្លៀង នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនរហូតឈានដល់បែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនសន្លឹក វេរទៅឲ្យមន្ត្រីជលផលបូទុមសាគរ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់នោះ មានចំនួន២៦សន្លឹក ដែលមានលុយចាប់ពី៥០ម៉ឺនរៀល ៧០ម៉ឺនរៀល ១លានរៀល ២លានរៀល រហូតដល់៤លានរៀល នេះមិនរាប់បញ្ចូលការពិន័យអន្ដរកាល លើការចាប់រថយន្ដដឹកជញ្ជូនខ្យង.ស និងការចាប់ទូកនេសាទអូសខ្យង.សនោះទេ ។ ហើយក៏មាមានសំឡេងអ្នករកស៊ីខ្យង.ស ឈ្មោះដាំ និងសំឡេងមន្ត្រីជលផល បូទុមសាគរទារលុយសំណូកពុករលួយ ពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាម ឈ្មោះ ជីវ័ន្ដ ថែមទៀតផង។

រហូតមកដល់ពេលនេះ ទាំងលោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងលោកនាយផ្នែកជលផលស្រុកបូទុមសាគរនោះ ត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ និងនេសាទបានបានដកបញ្ឈរជើងហើយហើយ ក្រោយពីលោក គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋានបានចុះស៊ើបអង្កេតរយៈពេល២ថ្ងៃ នៅថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០២៣ មន្រ្ដីជំនាញជាន់ខ្ពស់ឲ្យចុះទៅធ្វើអធិការកិច្ចតែមជ្ឈដ្ឋានជុំវិញ និងមហាជនក៏កំពុងរង់ចាំមើល ថាតើអង្គភាពប្រឆាំងអំពើពុករលុយមានចំណាត់ការបែបណារលើបុគ្គលទាំងពីរខាងលើនោះ?