ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិថៃ៤នាក់
បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តិការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ ការចាប់ខ្លួននេះ ដោយនគរបាលជាតិកម្ពុជាបានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន ៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ៣នាក់។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ និងដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នាយកដ្ឋានកណ្តាលសន្តិសុខ សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃ រហូតកំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃចំនួន៤នាក់ ដែលកំពុងរត់គេច និងសំងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង ដែលមានម្តាយ និងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ ក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថាកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីនាយឧត្តមសេនីយ៍ ស ថេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូ ប្រតិបត្តិការនេះបានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់អំពី ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕