តុលាការគ្រោងនឹងចេញសេចក្ដីសម្រេច ស្របពេលពលរដ្ឋអ៊ីស្រាអ៊ែលបន្តតវ៉ាចំពោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

អ៊ីស្រាអ៊ែល៖ នៅក្នុងទីក្រុងសំខាន់ៗនានានៅទូទាំងប្រទេស ពលរដ្ឋអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំការតវ៉ាសារជាថ្មី កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដើម្បីបង្ហាញការប្រឆាំងចំពោះផែនការនៃកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ខណៈដែលកាលបរិច្ឆេទជុំវិញសេចក្ដីសម្រេចរបស់ស្ថាប័នតុលាការកំពូលកាន់តែខិតជិតចូលមក។

សូមរំលឹកថា ច្បាប់ស្តីពីការសើរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់ក្រុមអ្នកនយោបាយស្តាំនិយមនៃរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្រ្តីប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានស្នើឡើងដំបូងកាលពីដើមឆ្នាំ ២០២៣ ដោយក្រុមអ្នកវិភាគមើលឃើញថា គឺធើ្វឡើងដើម្បីដកហូតសិទ្ធិអំណាចស្របច្បាប់របស់ស្ថាប័នតុលាការ ដែលតែងតែចេញមុខធើ្វការរារាំងរដ្ឋាភិបាលក្នុងការជ្រើសតាំងក្រុមមន្រ្តីសំខាន់ៗ។

ទោះជាយ៉ាងណា ដោយប្រឈមទៅនឹងសម្ពាធដ៏លើសលប់របស់សាធារណៈជន បានធើ្វឱ្យខ្លឹមសារច្បាប់មួយផ្នែកធំ ត្រូវពន្យាពេលរហូតដល់សព្វថ្ងៃ ទន្ទឹមនឹងក្រុមអ្នកគាំទ្រការអនុម័តច្បាប់ថ្មីបានលើកឡើងថា វានឹងជួយស្តារតុល្យភាពអំណាចរបស់ស្ថាប័នរដ្ឋាភិបាលឡើងវិញ។

ផែនការកំណែទម្រង់ច្បាប់ប្រព័ន្ធតុលាការថ្មីនេះ បានធើ្វឱ្យមានការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែលនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែបាតុកម្មតវ៉ារបស់ក្រុមពលរដ្ឋអ៊ីស្រាអ៊ែល នៅពេលនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍មួយដែលមានសារៈសំខាន់ជាពិសេស នៅស្របពេលស្ថាប័នតុលាការកំពូលរបស់ប្រទេសនេះគ្រោង និងប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួនពាក់ព័ន្ធនឹងសំណើវិសោធនកម្មច្បាប់នៅថ្ងៃទី១២ ខែកញ្ញានេះ ៕ ប្រភព៖ Reuters