ការបារម្ភពីការជ្រៀតចូលរបស់ចិនក្នុងកិច្ចការសម្ងាត់អង់គ្លេស
អង់គ្លេស៖ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងការជ្រៀតជ្រែកនៅក្នុងសភាអង់គ្លេស។ នេះជាការរៀបរាប់ពីកង្វល់របស់លោក ស៊ូណាក់ ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌា បន្ទាប់ពីមានការចាប់ខ្លួនចារបុរសចិនម្នាក់ដែលធ្វើការនៅក្នុងសភាអង់គ្លេស។
អ្នកសារព័ត៌មាននៅក្នុងទីក្រុងញូវដែលី (New Delhi) ទទួលបានពី លោក ស៊ូណាក់ ថា លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការចូលជ្រៀតជ្រែកលទ្ធិប្រជាធិបតេយ្យ នៅក្នុងសភារបស់អង់គ្លេសដោយលោកបានលើកឡើងថា វាជារឿងដែលមិនអាចទទួលយកបានទេ។ លោកបានបន្ថែមថា ជំនួបរបស់លោកជាមួយលោក លី នៅក្នុងកិច្ចប្រជុំ G20 គឺជាគំរូល្អមួយដែលមានអត្ថប្រយោជន៍ក្នុងការចូលរួមដោះស្រាយបញ្ហាដោយផ្ទាល់ ជាជាងការស្រែកដាក់គ្នាពីចម្ងាយ។
លោក ស៊ូណាក់ បាននិយាយថា៖«យើងបានពិភាក្សាអំពីរឿងមួយចំនួន ហើយខ្ញុំបានលើកឡើងពីចំណុចដែលមានការខ្វែងគំនិតគ្នា ហើយនេះគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងដើម្បីការពារខ្លួន ការពារគុណតម្លៃ និងផលប្រយោជន៍ដើម្បីសម្រួលគោលជំហររបស់យើងចំពោះប្រទេសចិន ក៏ដូចជាជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងរួមមានអាមេរិក អូស្ត្រាលី កាណាដា ជប៉ុន និងប្រទេសដទៃទៀត»។
អ្នកស្រាវជ្រាវសភាម្នាក់ដែលមានទំនាក់ទំនងជាមួយសមាជិកសភាមកពីគណបក្សអភិរក្សនិយម រួមទាំងមានទំនាក់ទំនងជាមួយប្រធានគណៈ កម្មាធិការ កិច្ចការបរទេស លោកស្រី អាលីស៊ា ឃើនស៍ (Alicia Kearns) ផងនោះត្រូវបានចាប់ខ្លួនដោយពួកគេបានប្រព្រឹត្តខុសទៅនឹងច្បាប់រក្សាការសម្ងាត់របស់រដ្ឋ បើយោងតាមកាសែត The Sunday Times បានរាយការណ៍។
អ្នកស្រាវជ្រាវ និងបុរសម្នាក់ទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា ហើយអង្គភាពប្រឆាំងភេរវកម្មដែលទទួលខុសត្រូវចំពោះករណីចារកម្ម កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។
Sunday Times ឱ្យដឹងថាអ្នកស្រាវជ្រាវម្នាក់ដែលមានអាយុ ២០ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងអ៊ីដេនបឺក (Edinburgh) និងបុរសទី២ ដែល មានអាយុ ៣០ ឆ្នាំត្រូវបានចាប់ ឃុំខ្លួននៅក្នុងស្រុក អុកស្វដស៊ា (Oxfordshire)។ យ៉ាងណា ក៏ដោយ បន្ទាប់ពីក្រុមប៉ូលិសបានចាប់ឃុំខ្លួនបណ្ដោះអាសន្ន ពួកគេក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំរហូតដល់ដើមខែតុលា ឆ្នាំ ២០២៣ នេះ។
លោក ស៊ូណាក់ និងលោក លី ក្នុងជំនួប នៅឯកិច្ចប្រជុំក្រុមប្រទេស G20 ជាជំនួបដែលបានគ្រោងទុកមុន ប៉ុន្តែជំនួបនេះទើបតែត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យប៉ុណ្ណោះ៕