ក្រុងសិរីសោភ័ណ៖បង្ក្រាបក្មេងទំនើង៤២នាក់ ដកហូតម៉ូតូ២៣គ្រឿង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាពីការអនុវត្ត ការណែនាំ ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន ១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន ១០នាក់ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត ក្នុងភូមិសាស្ត្រក្រុងបានចំនួន ៤២នាក់ ក្នុងនោះស្រី១២នាក់ និងម៉ូតូ២៣គ្រឿង។
ក្នុងចំណោមក្មេងទាំង៤២នាក់ រកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន ៦នាក់៖
១-ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ៤នាក់(ស្រី១នាក់)។
២-ពាក់ព័ន្ធបទល្មើសកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យឭសម្លេងខ្លាំង ២នាក់ (ស្រី១នាក់) ម៉ូតូ២គ្រឿង។
ចំណែកឯក្មេងទំនើងដែលពិនិត្យមិនមានការពាក់ព័ន្ធនឹងបទល្មើសចំនួន ៣៦នាក់(ស្រី១១នាក់) ត្រូវបានអប់រំឱ្យទៅផ្ទះវិញ និងក្មេងដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឭសម្លេងខ្លាំងចំនួន ២នាក់ (ស្រី១នាក់) បានអប់រំណែនាំឱ្យធ្វើការដោះដូរសំពងស៊ីម៉ាំង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវតាមការបំពាក់របស់ក្រុមហ៊ុនទើបប្រគល់ម៉ូតូឱ្យប្រើប្រាស់វិញ។
រីឯក្មេងដែលមានការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បី សួរនាំរកអ្នកពាក់ព័ន្ធបន្ត៕