September 11 Anniversary of the terrorist attacks on commercial buildings in the United States

ខួបថ្ងៃទី១១ ខែកញ្ញា ការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក 

សហរដ្ឋអាមេរិក៖ ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង។

ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣០០០នាក់ និងជាង៦០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។

ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។

លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។ ៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដោយអ្នកពន្លត់អគ្គិភ័យចំនួន៣៤៣នាក់បានស្លាប់ និងមន្រ្តីអនុវត្តច្បាប់៧២នាក់ស្លាប់។

យន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿង បានចាកចេញពីអាកាសយានដ្ឋាននៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះរដ្ឋ California ប៉ុន្តែយន្តហោះទាំងនោះត្រូវបានប្លន់ដោយភេរវករអាល់កៃដាចំនួន១៩នាក់។

យន្ដហោះពីរគ្រឿងដែលមួយជាជើងហោះហើរលេខ១១របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងមួយទៀតជាជើងហោះហើរលេខ១៧៥របស់ក្រុមហ៊ុន United Airlines បានបុកអគារខាងជើងនិងខាងត្បូងនៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងសង្កាត់ Manhattan។ ក្នុងរយៈពេលមួយម៉ោងនិង៤២នាទី អគារកម្ពស់១១០ជាន់ទាំងពីរបានបាក់រលំ។

យន្ដហោះទី៣ ជាជើងហោះហើរលេខ៧៧របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកមន្ទីរបញ្ចកោណក្នុងតំបន់ Arlington នៃរដ្ឋ Virginia ដែលបណ្តាលឲ្យបាក់ផ្នែកខាងលិចនៃអគារ ហើយយន្តហោះទី៤ ជាជើងហោះហើរលេខ៩៣របស់ក្រុមហ៊ុន United Airlines ដំបូងឡើយហោះឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែបានធ្លាក់នៅវាលមួយក្នុងទីក្រុង Stonycreek នៃរដ្ឋ Pennsylvania បន្ទាប់ពីអ្នកដំណើរតតាំងជាមួយភេរវករ។

ភ្លាមៗនោះ ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដា។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយចាប់ផ្តើមសង្គ្រាមប្រឆាំងភេរវកម្មនិងលុកលុយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីលុបបំបាត់ក្រុមតាលីបង់ដែលមិនបានគោរពតាមការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបណ្តេញក្រុមអាល់កៃដាចេញពីប្រទេសអាហ្វហ្គានីស្ថាន និងធ្វើបត្យាប័នមេដឹកនាំរបស់ពួកគេគឺលោក អូសាម៉ាប៊ីនឡាដិន។

ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនបានពង្រឹងច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ពួកគេ ហើយពង្រីកអំណាចនៃមន្ត្រីអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

ថ្វីបើពីដំបូងឡើយ ប៊ីនឡាដិន បដិសេធការពាក់ព័ន្ធណាមួយក៏ដោយ ប៉ុន្តែនៅឆ្នាំ២០០៤ គាត់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ ក្រុមអាល់កៃដានិងប៊ីនឡាដិន បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីស្រាអែល, វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត និងការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ាក់ ថាជាហេតុផលនៃការវាយប្រហារ។ ក្រោយរត់គេចពីការចាប់ខ្លួនអស់រយៈពេលជិតមួយទសវត្សរ៍ ប៊ីនឡាដិនត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉ាគីស្ថាន នាឆ្នាំ២០១១ ហើយសម្លាប់ក្នុងអំឡុងការវាយឆ្មក់របស់យោធាសហរដ្ឋអាមេរិក។

ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្បែរនោះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទីក្រុងញូវយ៉ក និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក។

Wall Street ត្រូវបិទរហូតដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០០១ ហើយដែនអាកាសស៊ីវិលរបស់សហរដ្ឋអាមេរិកនិងកាណាដា ត្រូវបិទរហូតដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០០១។ ការបោសសម្អាតទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកត្រូវបានបញ្ចប់នៅខែឧសភាឆ្នាំ២០០២ ហើយមន្ទីរបញ្ចកោណត្រូវបានជួសជុលក្នុងរយៈពេលមួយឆ្នាំ។

ការស្ថាបនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមនៅខែវិច្ឆិកា២០០៦ហើយអគារនេះបានបើកនៅខែវិច្ឆិកាឆ្នាំ២០១៤៕