បារាំងរងការចោទថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍

​នីហ្សេ របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធា ដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញាកន្លងមកនេះ។

នៅលើកញ្ចក់ទូរទស្សន៍រដ្ឋនៅក្នុងសេចក្តីថ្លែងការណ៍មួយ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មកនេះ។

សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។

ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន កាន់តែមានភាពប្រេះស្រាំឡើងចាប់តាំងពីទីក្រុងប៉ារីសបានប្រកាសថា របបសឹកក្នុងប្រទេសនេះជាក្រុមខុសច្បាប់។ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងបារាំង ក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ក៏បានធ្វើតាមយុទ្ធសាស្ត្ររបស់របបយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណា ហ្វាសូ ក្នុងការស្វះស្វែងបញ្ចប់ទំនាក់ទំនងយោធា ដែលមានរយៈពេលយូរជាមួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរអ៊ីស្លាមនិយមដ៏ព្រៃផ្សៃ៕