Ukraine beats Russia with 30 days left

អ៊ុយក្រែន​ វាយរុស្ស៊ី សល់ពេល ៣០ ថ្ងៃទៀត បើមិនបែក នោះពិបាកហើយ

សហរដ្ឋអាមេរិក៖ ការប្រយុទ្ធរបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីនៅសល់ពេលត្រឹម ៣០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលអាកាសធាតុរារាំងការវាយបករបស់ខ្លួន បើតាមមេទ័ពអាមេរិកបានលើកឡើង។

ជាមួយកម្មវិធី Laura Kuenssberg កាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថ្លែងទៅកាន់ទូរទស្សន៍ BBC ឧត្តមសេនីយ៍ Mark Milley និយាយថា លក្ខខណ្ឌអាកាសធាតុត្រជាក់ នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការគ្រប់គ្រង ក៏ដូចជាការវាយបកលើរុស្ស៊ី ។

លោក​​ទទួល​ស្គាល់ ស្របពេលជាមួយគ្នានោះ​ថា ការ​វាយលុក​គឺពិតជា​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុកមែន ប៉ុន្តែគូសបញ្ជាក់ថា​ ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា។

លោក Milley លើកឡើងថា វាលឿនពេកដែលត្រូវនិយាយថាតើ ការវាយបកទៅរុស្ស៊ី ទទួលបរាជ័យមែនឬអត់ ប៉ុន្តែអ៊ុយក្រែន កំពុងរុលចូលក្នុងល្បឿនមួយដ៏គួរឲ្យកត់សម្គាល់ នៅតាមខ្សែត្រៀមជួរមុខរបស់រុស្ស៊ី។ លោកបន្តថា “នៅមានពេលវេលាដ៏សមរម្យមួយ ប្រហែលជា ៣០ ទៅ ៤៥ ថ្ងៃទៀត ។ បើអាកាសធាតុត្រជាក់ចូលមកដល់ នោះអ៊ុយក្រែនប្រហែលពិបាកហើយ ។ ពួកគេមិនទាន់បញ្ចប់ការប្រយុទ្ធ លើអ្វីដែលពួកគេកំពុងព្យាយាមឲ្យបានសម្រេចនោះទេ”។

សូមបន្ថែមជាថ្មី មកទល់ពេលនេះ ការវាយលុកតបតរបស់ទីក្រុងកៀវ ដែលបានចាប់ផ្តើមក្នុងរដូវក្តៅ ហើយមានគោលបំណងរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនមកវិញនោះ គឺមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីឡើយ ។ ប៉ុន្តែ​ទោះជាយ៉ាងណា មេទ័ព​អ៊ុយក្រែន​​អះអាង​ថា ​ពួកគេ​បានវាយបំបែកខែលការពារជួរមុខ​ដ៏រឹងមាំ​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​ត្បូង រួចទៅហើយ៕