Official visit to the Anti-Corruption Unit of the Chinese Communist Party Disciplinary Inspection Commission
ទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ របស់គណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ គណៈប្រតិភូនៃគណៈកម្មការអធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដោយទទួលស្វាគមន៍ពីឯកឧត្តម អ៊ន បញ្ហា ឧបការី និងឯកឧត្តម អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអ.ប.ព.។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយអន្តរជាតិ។
គណៈប្រតិភូមានចំនួន ៦ រូប គឺ៖
១. លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន, ជាលេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺ ណាន ។
២. លោក Wang Junfeng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការវិន័យ នៃបក្សកុម្មុយនិស្តចិន ខេត្តហឺណា ។
៣. លោក Li Bingbing នាយករងការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន
៤. លោក Zhang Hao សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តចិន ខេត្តស៊ីនជាំង, លេខាធិការ នៃគណៈកម្មការអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន ក្រុងស៊ីនជាំង។
៥. ប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការក្រុងស៊ីនជាំង
៦. លោកស្រី Kong Jie អ្នកបកប្រែនៅការិយាល័យកិច្ចការបរទេស នៃរដ្ឋបាលខេត្តហឺណាន។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មានរយៈពេល ៣ ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១០ ដល់ ១២ កញ្ញា ហើយនៅថ្ងៃទី ១១ ខែកញ្ញា នឹងមានជំនួបទ្វេភាគីរវាង អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង គណៈប្រតិភូខេត្តហឺណាន ។
នៅពេលរសៀលថ្ងៃដដែល នឹងមានជំនួបការងារជាមួយ អភិបាលខេត្តសៀមរាប និងប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ខេត្តសៀមរាប រួមទាំងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តផងដែរ៕