ការចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃជាង៥០០នាក់ របស់គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ នៅស្រុកជើងព្រៃ

កំពង់ចាម៖ គ្រូពេទ្យស្ម័គ្រចិត្ដក្រុម៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង ៥០០នាក់ នៅវត្តស្អាង ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបន្ដទៀតថា សកម្មភាពចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដល់មូលដ្ឋានជាការបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់បំផុតអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួមអភិវឌ្ឍន៍កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីកចម្រើនទៅបានលុះត្រាតែមានសុខភាពល្អ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផលមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាងបួនទសវត្សរ៍កន្លងមក ដែលនាពេលនេះ ស្នាដៃដ៏ឧត្ដុង្គឧត្ដមនេះ ត្រូវបានបន្តវេនថែរក្សា និងដឹកនាំអភិវឌ្ឍន៍ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដម្ភសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕