វិធីរកចំណូលសម្រាប់អ្នកនៅផ្ទះ
ក្នុងបញ្ហាតែងតែមានបង្កើតជាឱកាស សំខាន់ថាតើយើងចេះចាត់ចែងវាតាមវិធីសាស្ត្របែបណា? ក្នុងយុគសម័យទីផ្សារឌីជីថលមានសម្បូរបែបណាស់ ទាំងការងារពេញម៉ោង ក្រៅម៉ោង និងការងារដែលអាច ធ្វើបាននៅគ្រប់ទីកន្លែង។ ការងារឌីជីថលមិនកំណត់ពេលវេលា និងទីតាំងច្បាស់លាស់ណាស់ណាទេ ហើយមានការបត់បែនស័ក្តិសម បំផុតជាមួយអ្នកដែលចង់ឆ្លៀតពេលវេលារកប្រាក់បន្ថែម (Side Hustle) ដូចជាបងប្អូនស្ត្រីមេផ្ទះ សិស្ស និស្សិត ឬក៏សម្រាប់អ្នកដែលមិនចង់ធ្វើការនៅការិយាល័យបែប ៨ព្រឹក-៥ល្ងាច ទាំងស្រុងតែម្ដង។ ខាងក្រោមនេះជាការងារ មួយចំនួនដែលបងប្អូនអាចធ្វើការពិចារណាជ្រើសរើសបាននៅផ្ទះ ៖
លក់អនឡាញ៖ ការលក់នៅតាមប្រព័ន្ធអ៊ីនធឺណេតកំពុងតែមានសន្ទុះខ្លាំង ជាពិសេសទៅលើការលក់ផលិតផលប្រសើរជាងការលក់សេវាកម្ម។ ការប្រកបរបរនេះអាចនឹងពិបាកក្នុងការចាប់ផ្តើមដោយសារតែទីផ្សារចង្អៀត ប៉ុន្តែប្រសិនបើបងប្អូន មានគំនិតដែលប្លែក ឬផលិតផលណាថ្មីប្រាកដជាមានឱកាសជោគជ័យកាន់តែធំ។
ការងារឯករាជ្យ៖ ការងារឯករាជ្យ ឬ Freelancer នេះមានច្រើនប្រភេទណាស់ ហើយថ្មីៗនេះក៏មានការរើស Freelancer ច្រើនផងដែរ។ ការងារឯករាជ្យដែលពេញនិយមជាងគេគឺ អ្នកសរសេរមាតិកា អ្នកឌីស្សាញក្រាហ្វិក កាត់តវីដេអូ និងអ្នកសរសេរកូដវេបសាយ…។ ការងារបែបនេះមិនមានពេលវេលាត្រូវចូល ឬចេញពីធ្វើការនោះទេ សំខាន់អ្នកត្រូវលៃពេល ឲ្យទាន់ពេលគេកំណត់ឲ្យជាការស្រេច។ បងប្អូនអាចស្វែងរកការងារនេះបានតាមរយៈវេបសាយរបស់បរទេសដូចជា upwork ឬក៏ តាមរយៈវេបសាយខ្មែរ Tovban ហ្វេសប៊ុកគ្រុប Kampuwork by Zell ជាដើម។
វិនិយោគភាគហ៊ុន៖ ការវិនិយោគកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែវាមិនទាមទារពេលវេលាច្រើន ហើយអ្នក មិនចាំបាច់ទៅតាមដានគ្រប់ម៉ោងនោះដែរ ប្រសិនបើអ្នកចង់វិនិយោគរយៈពេលវែង។ ផលចំណេញពីការវិនិយោគ មាន២ធំៗ គឺផលចំណេញពីភាគលាភ និងការលក់ហ៊ុនចេញពេលឡើងថ្លៃដែលទាមទាររយៈពេលយូរព្រោះ ភាគហ៊ុនមិនផ្តល់ផលចំណេញភ្លាមៗដូចការធ្វើការ ឬរកស៊ីនោះទេ។
អ្នកបង្កើតមាតិកាអនឡាញ៖ នៅក្នុងចំណុចនេះគឺ សំដៅទៅលើអ្នកដែលបង្កើតមាតិកានៅតាមបណ្តាញសង្គមដូចជា ហ្វេសប៊ុក យូធូប ឬវេបសាយ…។ មុនពេលអ្នកចាប់ផ្តើមក្នុងការងារនេះ អ្នកត្រូវតែមាន platform ផ្ទាល់ខ្លួនសម្រាប់កសាងប្រជាប្រិយភាពឲ្យមានអ្នកគាំទ្រច្រើន ទើបអាចចាប់ផ្តើមរកប្រាក់ចំណេញបាន។ វិធីសាស្ត្រ ក្នុងការរកប្រាក់ពី Facebook មានដូចជា ការឧបត្ថម្ភពីអ្នកមើល ការភ្ជាប់ការរកប្រាក់ជាមួយហ្វេសប៊ុកដូចជា Adbreak និងការជួយផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនណាមួយ ចំណែកឯយូធូបមានដូចជា ភ្ជាប់ជាមួយ google adsense ឬការឧបត្ថម្ភពីអ្នកទស្សនា ការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនជាដើម រីឯវេបសាយក៏មិនខុសគ្នាពីយូធូប និងហ្វេសប៊ុកប៉ុន្មានដែរ…។
អ្នកនិពន្ធ និងអ្នកបកប្រែ៖ ការងារជាអ្នកនិពន្ធ មិនចាំបាច់ត្រូវទៅកន្លែងធ្វើការនោះទេ អ្នកអាចទទួលយកការងារមកធ្វើនៅផ្ទះ ឬធ្វើជា អ្នកនិពន្ធខ្លួនឯងដោយមិនទទួលការងារពីក្រុមហ៊ុនណាមួយតែម្តងក៏បាន។ អ្នកអាចទទួលប្រាក់ចំណេញនៅពេល ដែលបញ្ចប់ការនិពន្ធដោយការបោះពុម្ពផ្សាយដាក់លក់ ឬទទួលប្រាក់ថ្លៃនិពន្ធពីក្រុមហ៊ុនផ្តាច់សិទ្ធិ ឬក៏លក់សិទ្ធិបោះពុម្ព រឿងរបស់បងប្អូនទៅក្រុមហ៊ុនណាមួយ ហើយចាំទទួលយកប្រាក់ចំណេញពីការលក់ ឬកម្មសិទ្ធ ជាចំណូលអកម្ម(Passive Income)។
ផ្តល់កម្ចី៖ ប្រសិនបើបងប្អូនមានប្រាក់នៅសល់មួយចំនួនដែលមិនចាំបាច់ក្នុងការប្រើ បងប្អូនអាចផ្តល់ជាប្រាក់កម្ចីក្នុងចំនួនណាមួយជាក់លាក់ទៅកាន់មនុស្សដែលអ្នកទុកចិត្ត ដោយមានកិច្ចសន្យា និងទ្រព្យដាក់បញ្ចាំ ចំពោះការផ្តល់កម្ចីឲ្យបានត្រឹមត្រូវ ទើបមិនមានការខាតបង់។ ការធ្វើបែបនេះបងប្អូនប្រៀបដូចជាយកលុយទៅបង្កើតលុយដោយបានមកវិញទាំង ប្រាក់ដើម និងការប្រាក់ ជាជាងទុកប្រាក់ចោល។
និយាយជារួម ការងារ ឬរបរទាំង៦ខាងលើនេះគ្រាន់តែជាគំនិតខ្លះៗសម្រាប់យកមកជូនបងប្អូនពិចារណា ប៉ុន្តែការងារ ដែលអាចធ្វើបានជាចំណូលសម្រាប់នៅផ្ទះនៅមានជាច្រើនទៀត។ បងប្អូនអាចស្វែងរកគំនិត និងស្វែងយល់បន្ថែមទៅលើ ការងារប្រភេទនេះនៅលើអ៊ីនធឺណេតបាន ហើយអ្វីដែលសំខាន់គឺការជ្រើសរើសការងារដែលត្រូវនឹង ស្ថានភាព ចំណង់ចំណូលចិត្ត និងគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួន៕