បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ញារជើង
ភ្នំពេញ ៖ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បុរសម្នាក់បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ញារជើងច្រងាង បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅកំណាត់ផ្លូវព្រះមុន្នីរ៉េត ( 217 ) ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
នៅមុនកើតហេតុ គេសង្គេតឃើញបុរសម្នាក់ រថយន្តព្រូសខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2877 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន នេះបើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា ។
ដោយរថយន្តបង្ក ខណៈបានធ្វើដំណើរដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឱ្យរថយន្តត្រូវក្រឡាប់ផ្ញារជើងច្រងាងនៅហ្នឹងកន្លែងតែម្តង ។ ភ្លាមៗនោះដែរ បុរសជាអ្នកបើកបររថយន្ត ក៏បានលូនចេញពីក្នុងរថយន្តមកក្រៅ ហើយចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ក្រោយកើតហេតុបានចុះអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគររបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ពោលរងការខូចខាតតែរថយន្តបង្កហេតុប៉ុណ្ណោះ ។ ក្នុងនោះដែរ ចំណុចកើតហេតុ ក៏មានភ្លៀងធ្លាក់ជាអន្លើយៗខ្លាំងគួរសមផងដែរ ៕