និយាយពីរឿងលុយកាក់

លំហូរសាច់ប្រាក់របស់យើងម្នាក់ៗ គឺជារឿងគួរវែកញែកឲ្យដឹងព្រោះថាមនុស្សគ្រប់គ្នាតែងតែលើកយកមកជជែកគ្នា វាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសុខភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា យើងមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះយើងបានរៀបចំវាឲ្យមានរបៀបរួចហើយ។ តើរឿងលុយកាក់ត្រូវរៀបចំបែបណា?

យើងត្រូវការពិនិត្យមើលលំហូរសាច់ប្រាក់ឬទេ?

ការពិនិត្យមើលលំហូរសាច់ប្រាក់ ឬខ្ទង់ចំណាយនឹងគ្មានប្រយោជន៍អ្វីនោះទេ ប្រសិនបើយើងមិនចេះវិធីគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព ឬក៏ខ្ទង់ចំណាយនោះមិនជួយឲ្យយើងអាចកាត់បន្ថយចំណាយបានទេនោះ។ លើសពីនេះ ការមានលំហូរសាច់ប្រាក់មួយមុខមិនបង្ហាញថាយើងមានទំនួសខុសត្រូវចំពោះរឿងលុយកាក់របស់ខ្លួនយើងឡើយ។ អ្វីដែលសំខាន់មិនមែនរឿងខ្ទង់ចំណាយមួយមុខទេ តែអ្វីដែលសំខាន់នោះគឺយើងត្រូវពិនិត្យមើល និងមានការប្រុងប្រយ័ត្នខ្ពស់លើកាត់បន្ថយការចំណាយមិនចាំបាច់ ហើយព្យាយាមដកសន្សំមុនចំណាយឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។

កាតឥណទាន គឺវាធ្វើឲ្យសុខភាពហិរញ្ញវត្ថុរបស់យើងកាន់តែអាក្រក់?

ការពិតកាតឥណទាន វាមិនជាបញ្ហាអាក្រក់អីនោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលយើងចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល ដែលធ្វើឲ្យយើងពិបាក។ ផ្ទុយទៅវិញ កាតឥណទាន វាផ្ដល់ភាពងាយស្រួលដល់យើងនៅក្នុងការរស់នៅ ចាយវាយ មានសុវត្ថិភាព និងផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ពីដៃគូសហការផ្សេងៗរបស់ធនាគារនោះផងដែរ។

ចាំពេលមានលុយច្រើន ចាំធ្វើការវិនិយោគ?

ការគិតរបស់មនុស្សយើងភាពច្រើនយល់ថាចាំទាល់តែមានលុយសល់ចាំវិនិយោគ ព្រោះថាការវិនិយោគត្រូវការដើមទុនច្រើន គឺវាអាចជារឿងដែលល្អសម្រាប់យើងចំពោះការគំនិតគិតថា ខ្លួននៅមិនទាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗប្រចាំថ្ងៃបានល្អនៅឡើយ ឬចាយសល់ខែ។ ប៉ុន្ដែយើងគួរដឹងថា ការវិនិយោគបានលើកឡើងនៅពេលនេះ (សំដៅលើផ្សារហ៊ុន) យើងអាចធ្វើការវិនិយោគបានចាប់ពី២ ទៅ៣ដុល្លារឡើង ដោយយើងអាចធ្វើការស្វែងរកភាគហ៊ុនណាដែលមានតម្លៃទាប និងអាចវិនិយោគបានរយៈពេលយូរ។

យើងគួរតែដោះបំណុលឲ្យអស់សិន មុននឹងធ្វើការវិនិយោគ?

នេះជាវិធីសាស្ត្រមួយមុនចាប់ផ្តើមធ្វើការវិនិយោគ ដែលណែនាំដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុលោក Dave Ramsey។ តាមពិតទៅ វិធីសាស្ត្រនេះ វាមិនសមស្របសម្រាប់មនុស្សគ្រប់គ្នាទេ ប្រសិនបើយើងរង់ចាំរហូតដល់យើងដោះបំណុលអស់ចាំធ្វើការវិនិយោគ យើងហាក់ដូចជាធ្វើឲ្យខ្ជះខ្ជាយហិរញ្ញវត្ថុដែលយើងកំពុងមានសេសសល់ក្នុងដៃពេកហើយ។ សម្រាប់មនុស្សភាគច្រើន ពេលវេលាដែលសាកសមនឹងវិនិយោគគឺចាប់ផ្តើមពីឥឡូវនេះ គ្មានពាក្យថាចាំសិន។ ទោះបីជាយើងរកបានពីការវិនិយោគតែ២ ឬ៣ដុល្លារក្នុង១ខែក៏ដោយ ក៏វាជាការសាងទម្លាប់ល្អមួយសម្រាប់ដំណើរវិនិយោគរបស់យើងនាពេលអនាគតផងដែរ។

ការសន្សំគឺមិនមែនជាការវិនិយោគទេ?

មនុស្សជាច្រើនមានការភាន់ច្រឡំយល់ថាការសន្សំ គឺជាការវិនិយោគ។ ទស្សនៈនេះ គឺមិនខុសទាំងស្រុងនោះទេ គ្រាន់តែមិនទាន់គ្រប់ជ្រុងជ្រោយអស់។ តាមពិតទៅ ការសន្សំអាចឲ្យយើងទទួលបានការប្រាក់បន្ថែមពីធនាគារ ដែលយើងដាក់ប្រាក់បញ្ញើរសន្សំ វាជាផ្នែកមួយនៃការវិនិយោគដែរ ប៉ុន្ដែការវិនិយោគបែបនេះ នៅតែចាត់ទុកជាការសន្សំដដែលៗ។ ដូច្នេះ មានន័យថា ប្រសិនបើយើងមិនចេះធ្វើការវិនិយោគប្រាក់របស់យើងនោះទេ នោះយើងនៅតែបាត់បង់ឱកាសធ្វើឲ្យប្រាក់របស់យើងកើនឡើងផងដែរ។ ការសន្សំគឺជារឿងល្អ ព្រោះវាអាចជួយយើងដកបានភ្លាមៗនៅពេលដែលយើងមានភាពបន្ទាន់ខ្លាំង ត្រូវការសាច់ប្រាក់ប្រើប្រាស់ ឬប្រសិនបើយើងបាត់បង់ការងារជាដើម។ ហេតុនេះយកល្អ យើងគួរតែធ្វើការសន្សំខ្លះ និងវិនិយោគខ្លះទើបជាការប្រសើរ។

និយាយជារួម ដើម្បីសម្រេចបាននូវសេរីភាពផ្នែកហិរញ្ញវត្ថុ នោះយើងចាំបាច់ត្រូវតែមានភាពឆ្លាតវៃខាងរឿងលុយកាក់ជាមុនសិន ពោលគឺត្រូវយល់ពីការសន្សំ ការចំណាយ ចំណូល និងការវិនិយោគបែបណាសាកសមសម្រាប់យើងក្នុងស្ថានភាពផ្សេងៗពីគ្នា។