អ្វីទៅយុទ្ធសាស្រ្តទីផ្សារ 7Ps?

What is the 7Ps marketing strategy?

អ្នកសិក្សាលើ Major Marketing ច្បាស់ជាបានឃើញ បានរៀនសូត្រ បានដឹងពី យុទ្ធសាស្ត្រទីផ្សារ 7Ps គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពមួយ ជាពិសេស សម្រាប់អាជីវកម្មទើបតែចាប់ផ្តើមដំបូង។ តាមរយៈការអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះយើងនឹងអាចស្គាល់កាន់តែច្បាស់អំពីអាជីវកម្មរបស់យើង និងអតិថិជនគោលដៅរបស់យើង។ បន្ថែមពីលើសនេះទៀត វាក៏អាចជួយអ្នកក្នុងការកំណត់ថាអ្វីដែលដំណើរការ និងអ្វីដែលមានបញ្ហានៅក្នុងការធ្វើអាជីវកម្មទាំងមូលផងដែរ។ យុទ្ធសាស្រ្តទីផ្សារ 7Ps មានដូចជា៖

I-ផលិតផល (Product)

ជាផលិតផលដែលមានដាក់លក់នៅលើទីផ្សារ ហើយផលិផលទាំងនោះចែកចេញជាពីរធំៗគឺ ទំនិញ និងសេវាកម្ម។ ជាពិសេស ផលិតផលដែលអ្នកដាក់ឱ្យចរាចរនៅលើទីផ្សារត្រូវតែជាផលិតផលដែលមានតម្រូវការ មានន័យថាមានអតិថិជនដែលចង់បានផលិតផលនោះទៅប្រើប្រាស់ ឬក៏ផលិតផលនោះជាផលិតផលដែលបង្កើតតាមតម្រូវការ។ ម្យ៉ាងទៀងបើក្នុងនាមជា​ម្ចាស់អាជីវកម្មវិញ យើងត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់អំពីផលិតផល ឬសេវាកម្មរបស់ខ្លួន​ ដោយធានាបានថាជាផលិតផលដែលមានគុណភាព និងបំពេញតម្រូវការទីផ្សារបាន។

 

II-តម្លៃ (Price)

តម្លៃសំដៅលើចំនួនទឹកប្រាក់ដែលអតិថិជនបានចំណាយទៅលើការទិញផលិតផល ឬសេវាកម្ម។ មួយវិញទៀតតម្លៃត្រូវតែមានសមតុល្យគ្នារវាងផលិតផល និងផលិតកម្ម ជាពិសេសនោះ តម្លៃមិនអាចទាបជាងថ្លៃដើមបានទេ ព្រោះថាការផ្លាស់ប្តូរតម្លៃមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការលក់ និងតម្រូវការផលិតផល។

 

III-ទីតាំង (Place)

ទីតាំងគឺជាកន្លែងដែលធ្វើការចែកចាយទំនិញ ឬសេវាកម្មរបស់យើងទៅកាន់អ្នកប្រើប្រាស់ ហើយទីតាំងគឺជាផ្នែកមួយដែលជួយឱ្យទីផ្សារមានសក្តានុពល។ ហើយយើងក៏មិនត្រូវនិយាយអំពីទីតាំង ដោយមិននិយាយអំពីទីផ្សារគោលដៅរបស់យើងនោះទេ ព្រោះសមាសធាតុនេះត្រូវការភាពច្បាស់អំពីគោលដៅរបស់បុគ្គលផងដែរ។ នៅពេលដែលយើងបានកំណត់អំពីអតិថិជនគោលដៅរបស់យើង នោះយើងនឹងរកឃើញវិធីសាស្រ្តចែកចាយដ៏មានប្រសិទ្ធភាពបំផុតដែរ។

 

IV-ប្រម៉ូសិន (Promotion)

ការប្រូម៉ូសិន គឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយ ដែលធ្វើយ៉ាងណាឱ្យទាក់ទាញការចាប់អារម្មណ៍អតិថិជន ដើម្បីទទួលបានការគាំទ្រទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ តើ​​ត្រូវ​ធ្វើយ៉ាងណាដើម្បីអាចផ្សព្វផ្សាយដល់អតិថិជនគោលដៅ និង​តើ​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ញឹកញាប់​ប៉ុណ្ណា​? ខាងក្រោមនេះគឺជាបច្ចេកទេសខ្លះៗនៅក្នុងការផ្សព្វផ្សាយ៖

  • ការផ្សាយពាណិជ្ជកម្ម
  • ការលក់
  • ទំនាក់ទំនង​សាធារណៈ
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

 

V-មូលធនមនុស្ស (People)

តើអាជីវកម្មមិនអាស្រ័យលើធនធានមនុស្សជាអ្នកគ្រប់គ្រងទេឬយ៉ាង? ជាការពិតអាជីវកម្មដែលជោគជ័យគឺតែងតែមាន មូលធនមនុ្ស ឬធនធានមនុស្ស ប្រកដដោយសមត្ថភាពគ្រប់គ្រាន់ ​ព្រោះ​ពួកគេ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ជូនដល់​អាជីវកម្ម​នៅ​ផលិតផល និងសេវាកម្ម សម្រាប់អតិថិជន​។

 

VI-ដំណើរការ (Process)

ដំណើរការ គឺជាជំហាននីមួយៗ ដែលត្រូវការដើម្បីផ្តល់សេវាកម្មដល់អតិថិជន។ ដំណើរការនៃជំហាននីមួយៗនេះ ត្រូវបានបែងចែកសម្រាប់បុគ្គលិកតាមផ្នែក ឬតាមជំនាញ ដើម្បីធ្វើឱ្យប្រាកដថាការងាររបស់ពួកគេអាចទទួលបានលទ្ធផលខ្ពស់ និងទទួលបានជោគជ័យ។ ហើយនៅក្នុងចំណុចនេះទៀតសោត គឺជាវិធីសាស្រ្តដែលដំណើរការទៅលើការលក់ ការចែកចាយ ឬប្រតិបត្តិការផ្សេងៗទៀត ដោយអាចធានាឱ្យក្រុមហ៊ុនរបស់អ្នកដំណើរការទៅមុខបានរលូន។

 

VII-រូបភាពជាក់ស្ដែង (Physical evidence)

នៅត្រង់ចំណុចនេះគឺសំដៅលើសម្ភារៈដែលធ្វើការវេចខ្ចប់ផលិតផល បង្កាន់ដៃ និងសេវាកម្មអតិថិជនជាដើម។ លើសពីនេះ យើងត្រូវធានាបានថា រាល់សកម្មភាពជាក់ស្តែងនានា ដែលយើងកំពុងតែផ្តល់ទៅឲ្យអតិថិជនត្រូវតែមានភាពល្អប្រសើរជានិច្ច៕