ទីម័រអគុណកម្ពុជា៖ គាំទ្រនិងលើកទឹកចិត្តដល់ខ្លួន ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល

ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បាន ប្រកាសអគុណជាថ្មីម្តងទៀតដល់ប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ប្រទេសខ្លួនក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល និងរហូតដល់ឲ្យទីម័របានក្លាយទៅជាប្រទេសសង្កេតការ ជាផ្លូវការនៅក្នុងអាស៊ានផងដែរនោះ។

នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ការអគុណរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រនេះគឺបានធ្វើឡើងក្នុងកិច្ចជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ដែលលោកទាំងពីរទៅចូលរួមនៃ កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូកនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

តាមលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័របានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលឯកឧត្តម តែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព។ ទន្ទឹមនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី«ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជាជាពិសេស ជូនចំពោះសម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។ ការជួយឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ»។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការកោតសរសើរចំពោះប្រទេសកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានបន្ថែមថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជា ជាប្រទេសបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក ហើយយល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តកំពុងស្ថិតនៅនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខផងដែរ។

នៅក្នុងកិច្ចជំនួប ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរកសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕